(បាត់ដំបង)៖ លោក អឿម ឃឿម នាយកវិទ្យាល័យនេតយ៉ង់ និងលោកគ្រូអ្នកគ្រូ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តព្រែកត្រប់ ដែលមានទីតាំងនៅភូមិ ព្រែកត្របើ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងពិធីដែលបានធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ លោក អឿម ឃឿម នាយកសាលានេតយ៉ង់ បានថ្លែងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យទំនៀមទំលាប់ខ្មែរ តែងតែប្រារព្ធធ្វើបុណ្យនេះ មិនដែលរំលង។
លោកនាយក បានសម្តែងនូវក្តីសប្បាយរីករាយដោយឃើញព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ដែលអញ្ជើញមកធ្វើបុណ្យបានគោរពយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីពិធីការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ខណៈពេលនោះដែរ លោកនាយកក៏បានអំពាវនាវ និងក្រើនរំលឹកដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ពេលចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបន្តចូលរួមការពារ និងទប់ស្កាត់ឱ្យខាងតែបាន នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤នេះដែរ លោកនាយកក៏បានផ្តាំផ្ញើលោកគ្រូអ្នកគ្រូឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់ ជាមួយសិស្សានុសិស្ស ក្នុងវិធីការពារទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ នៅថ្ងៃចន្ទ ទី៧ ខែកញ្ញាឆ្នាំ២០២០ ជាថ្ងៃដែលក្រសួងអប់រំបានអនុញ្ញាតឲ្យបើកសាលាឡើងវិញ។
បើតាមការឲ្យដឹងពីលោកអាចារ្យប្រាប់ថា បុណ្យកាន់បិណ្ឌនេះ បើតាមគម្ពីរធម្មបទក្នុងសម័យបុព្វកាល អ្នកប្រាជ្ញជំនាន់នោះបានប្រើពាក្យថា បវរណាបច្ច័យបួន ដល់ព្រះសង្ឃដែលមានព្រះពុទ្ធអង្គជាប្រធាន បានកំណត់ធ្វើរយៈពេល៣ខែ ប៉ុន្តែចំណេរកាលក្រោយមកទើបអ្នកប្រាជ្ញរាជបណ្ឌិតកំណត់ឲ្យប្រើពាក្យថា ពិធីកាន់បិណ្ឌវិញ ដែលមានរយៈពេលតែ ១៤ថ្ងៃប៉ុណ្ណោះ រួមទាំងថ្ងៃបុណ្យភ្ជុំបិណ្ឌផងដែរ ព្រោះក្នុងរដូវនេះជារដូវមានភ្លៀងធ្លាក់ច្រើនពិបាកដល់ភិក្ខុសង្ឃ ក្នុងការស្វែងរកអាហារបិណ្ឌបាត។
សូមបញ្ជាក់ថា លោកនាយក ព្រមទាំងអ្នកគ្រូលោកគ្រូ បានប្រគេនបច្ច័យ ៣.៥០០.០០០រៀលផងដែរ៕