(ភ្នំពេញ)៖ លោកបណ្ឌិត មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ បានប្រគល់លិខិតអនុញ្ញាតច្បាប់ របស់សមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ នៅស្នាក់ការកណ្តាលក្នុងវត្តបុទុមវតី រាជធានីភ្នំពេញ។
លោកបណ្ឌិត មិន ឃិន បានថ្លែងថា «សមាគមនេះបានបង្កើតកម្មវិធី មួយដែលមានឈ្មោះថា ទស្សនទានព្រះពុទ្ធសាសនា ដែលនេះ គឺជាប្រការមួយដែលមានសារៈសំខាន់បំផុត ក្នុងពេលបច្ចុប្បន្ន ហើយកម្មវិធីនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំសីលធម៌ សុជីវធម៌ដល់យុវជន-យុវនារី សិស្សានុសិស្ស កុលបុត្រ កុលធីតាខ្មែរ ព្រោះថាកាលណាបើពួកគាត់មិនមានសុជីវធម៌ ក្នុងខ្លួនទេ មិនគិតប្រឹងប្រែងរៀនសូត្រទេ និងអភិវឌ្ឍន៍ខ្លួនឲ្យបានខ្ពង់ខ្ពស់ទេ គិតតែបបួលគ្នាបង្កើត ក្រុមបងធំបងតូច មិនស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ដែលជាមនុស្សធំ មិនគោរពច្បាប់ ប្រទេសបង្កភាពចលាចលក្នុងសង្គម ទៅថ្ងៃអនាគតសង្គមខ្មែរទេ យើងប្រាកដជាមិនទទួលបានលទ្ធផល នូវលទ្ធផលល្អនោះទេ»។
លោករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ក្នុងនាមក្រសួងធម្មការ និងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងខិតខំបង្កើតឲ្យមានកម្មវិធីដូចនេះ ឲ្យបានកាន់តែច្រើន និងជម្រុញឲ្យកម្មវិធីនេះ មានសកម្មភាពរីកដុះដាល និងមានដំណើរការតទៅមុខទៀត ដើម្បីនាំមកនូវអត្ថប្រយោជន៍ ដែលនឹងបម្រើដល់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕