(ភ្នំពេញ)៖ កិច្ចប្រជុំរវាងគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់ឧកញ៉ា គិត ម៉េង ដើម្បីពិភាក្សាទៅលើការសាងសង់កំពង់ផែ បម្រើដល់ការដឹកជញ្ជូនសម្ភារៈទៅអភិវឌ្ឍលើកោះរ៉ុងនាព្រឹកមិញនេះ បានឯកភាពលើក សំណើចំនួនពីរចំណុចសូមការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា។ សំណើទី១ សូមសម្រួលតម្លៃ និងសិទ្ធិប្រើប្រាស់កំពង់ផែស្វយ័តព្រះ សីហនុ និង សំណើទី២ ស្វែងរកទីតាំងថ្មី ដើម្បីក្រុមហ៊ុនរ៉ូយ៉ាល់សាងសង់ផែ។
កិច្ចប្រជុំនាព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និង មាន ការចូលរួមផងដែរពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា លោក ព្រំ សុខា តំណាងក្រសួងមហាផ្ទៃ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត រីឯភាគី ក្រុមហ៊ុនដឹកនាំផ្ទាល់ដោយលោកឧកញ៉ា គិត ម៉េង។
អ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត បានថ្លែងប្រាប់ Fresh News ថា សំណើចំនួនពីរ ដែលលើកស្នើសូមការសម្រេចពីរាជ រ ដ្ឋាភិបាលនេះរួមមាន៖
ទី១. ដើម្បីបំពេញតម្រូវការបន្ទាន់របស់ក្រុមហ៊ុនក្នុងការដឹកជញ្ជូនសម្ភារៈទៅអភិវឌ្ឍនៅលើកោះរ៉ុង សូមឲ្យកំពង់ផែស្វយ័តក្រុងព្រះ សីហនុ ផ្តល់ការសម្រួលតម្លៃ និងសិទ្ធិប្រើប្រាស់ចំណែកណាមួយសមស្រប ដើម្បីក្រុមហ៊ុនប្រើប្រាស់ដឹកជញ្ជូនបម្រើការអភិវឌ្ឍលើ កោះរ៉ុង ក៏ដូចជាក្រុមហ៊ុនដទៃទៀត ដែលទទួលបានសិទ្ធិអភិវឌ្ឍនៅលើកោះផ្សេងៗទៀតផងដែរ។
ទី២. សូមគោលការណ៍ឲ្យក្រុមហ៊ុន សហការអង្គភាពជំនាញសិក្សារកទីតាំងថ្មី ដូចជាទីតាំងចំនួនពីកន្លែងនៅទំនប់រលក ដែលបាន លើកឡើងដោយអាជ្ញាធរខេត្តព្រះសីហនុ ឬក៏ទីតាំងផ្សេងទៀត ដើម្បីរៀបចំកំពង់ផែ ក្រោមរូបភាព BOT ដែលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលសិទ្ធិរៀបចំ។
ចំពោះសំណួរថា តើផែរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សាងសង់នៅលើឆ្នេរអូរត្រេះត្រូវរុះរើចោល ឬយ៉ាងណានោះ? លោក សេង ឡូត មិនទាន់បានបញ្ជាក់នៅឡើយទេ ដោយរង់ចាំការសម្រេចរបស់រាជរដ្ឋាភិបាលជាមុនសិន៕