(សៀមរាប)៖ ក្នុងដំណើរបំពេញបេសកកម្ម នាសប្ដាហ៍នេះ នៅក្នុងខេត្តសៀមរាប សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចុះពិនិត្យការដ្ឋាន គម្រោងសាងសង់សំណង់មន្ទីរ ជំនាញខេត្តសៀមរាប ដែលបានសម្រេចលទ្ធផល ប្រមាណជា៧០% ហើយ ក្នុងការសាងសង់។
ក្នុងការចុះពិនិត្យរបស់សម្ដេច នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ គឺមានវត្តមានអមដំណើរដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រីប្រធានមន្ទីរ/អង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។
តាមប្រសាសន៍ របស់លោកនាយករដ្ឋបាលសាលាខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News ថា «គម្រោងសាងសង់មន្ទីរជំនាញ ខេត្តសៀមរាបនេះ បានចាប់ផ្ដើមសាងសង់ ដោយចំណាយរយៈពេល ២៤ខែ ហើយគ្រោងនឹងត្រូវរួចរាល់ នាកំឡុងខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។ មន្ទីរជំនាញខេត្តសៀមរាប សាងសង់លើផ្ទៃដីសរុប ៦ហិកតា និង២ហិកតាទៀត សម្រាប់រៀបចំទីលាន និងសួនសាធារណៈ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប»។
លោកបានបញ្ជាក់ថា «សំណងនេះមាន២៦អាគារ (ភ្លោះ) សម្រាប់មន្ទីរ អង្គភាពទាំងអស់ចំណុះ ឲ្យសាលាខេត្តសៀមរាប។ ម្ចាស់គម្រោង គឺសាលាខេត្តសៀមរាប និងប្រភពថវិកាបានមកពីអាជ្ញាធរអប្សរា ហើយរហូតដល់ពេលនេះ គឺគម្រោងដំណើរការសម្រេច បានប្រមាណជា៧០%ហើយ»៕