(កំពង់ស្ពឺ)៖ នៅសាលប្រជុំនៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ មានរៀបចំការធ្វើបទបង្ហាញស្តីពីព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលធ្វើឡើងដោយវាគ្មិនចំនួន៣រូប គឺលោក ទុំ ប៉ែនវីរៈវិទូ ប្រធានគណៈកម្មការនិពន្ធ និងចងក្រងសៀវភៅសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក តាំង កក់ ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាគណៈកម្មការនិពន្ធចងក្រងសៀវភៅសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក អៀង ពិសី អ្នកនិពន្ធសៀវភៅ «ហ៊ុន សែនកម្ពុជា» ដោយបានចែករំលែកបទពិសោធន៍ល្អៗ និងបាននាំយកសៀវភៅ «ហ៊ុន សែនកម្ពុជា» និងសៀវភៅ «កុលាបក្រហមដងទន្លេមេគង្គ» មកប្រគល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ ដើម្បីសិក្សាស្វែងយល់។

លោក ទុំ ប៉ែនវីរៈវិទូ លោក តាំង កក់ និងលោក អៀង ពិសី ដែលជាវាគ្មិន បានបង្ហាញពីក្តីរីករាយដែលបានមកចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងនាំយកសៀវភៅ «ហ៊ុន សែនកម្ពុជា» និងសៀវភៅ «កុលាបក្រហមដងទន្លេមេគង្គ» មកចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានយោធភូមិភាគទី៣នេះ។

ដោយឡែក ប្រធានបទដែលត្រូវធ្វើបទបង្ហាញនាពេលនេះ គឺការចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលក្នុងនោះវាគ្មិន ក៏បានបង្ហាញពីបទពិសោធន៍ស្តីពី ទំនាក់ទំនងជាតិ និងអន្តរជាតិ មានភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ជាពិសេសគឺបានរំលឹកឡើងវិញ អំពីគុណូបការៈរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យមានសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចសង្គម។

លោកបានបន្តថា ចំពោះសៀវភៅ «ហ៊ុន សែនកម្ពុជា» និងសៀវភៅ «កុលាបក្រហមដងទន្លេមេគង្គ» ដែលត្រូវយកមកចែកជូននាពេលនេះ គឺក្នុងគោលបំណងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមទៀត ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ និងជួយផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពីជីវប្រវត្តិនិងបំបាត់នូវភាពមន្ទិលសង្ស័យមួយចំនួន ពាក់ព័ន្ធនឹងប្រវត្តិនៃការតស៊ូរបស់ប្រមុខដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ព្រមទាំងជាការពញ្ញាក់ស្មារតីដល់នាយទាហានពលទាហានទាំងអស់ ក្នុងវិស័យការពារជាតិ ឲ្យពួកគាត់មានស្មារតី ការពារតស៊ូលះបង់ដើម្បីជាតិ និងចេះស្រលាញ់ថែរក្សាសមិទ្ធិផល ដែលប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានកសាងមកបានដោយលំបាកនេះកុំឲ្យបាត់បង់។

លោកបញ្ជាក់ថា សៀវភៅទាំងពីរប្រភេទនេះ ត្រូវបានបោះពុម្ពផ្សាយរាប់ម៉ឺនក្បាលមកហើយ ក្រោមការចូលរួមឧបត្ថម្ភថវិកាក្នុងការបោះពុម្ពពីសប្បុរសជន និងរាជរដ្ឋាភិបាលកម្ពុជា ហើយគ្រោងបន្តការបោះពុម្ពផ្សាយបន្ថែមទៀតផងដែរ ដើម្បីផ្សព្វផ្សាយឲ្យដល់សាធារណជនគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

ក្នុងពេលធ្វើបទបង្ហាញនោះ លោក តាំង កក់ ក៏បានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងប្រភេទមនុស្សនៅក្នុងសង្គមរួមមាន៖

*ទី១៖ ប្រភេទមនុស្សមានពង្សាវតាគ្រួសារ
*ទី២៖ ប្រភេទមនុស្សមានទេពកោសល្យពិសេស
*ទី៣៖ ប្រភេទមនុស្សអត់មានពង្សាវតារគ្រួសា អត់មានទេព្យកោសល្យពិសេសតែជាមនុស្សដែលខិតខំប្រឹងប្រែងចង់ងើបផុតពីចំណុចសូន្យហើយចង់រីកចម្រើន *ទី៤៖ ប្រភេទមនុស្សអត់មានពង្សាវតាគ្រួសារផង អត់មានទេពកោសល្យពិសេសផងជាប្រភេទមនុស្ស មិនចង់ងើបចេញពីចំណុចសូន្យ ជាមនុស្សដែលដេកសុបិនរហូត និងមិនចង់រីកចម្រើន។

ជាមួយនេះ លោកក៏បានពន្យល់អំពីភាពអច្ឆរិយះរបស់កម្ពុជា និងបានបង្ហាញនូវអំណះអំណាងគាំទ្រព្រមទាំងបានលើកឡើងថា ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នសុទ្ធតែជាបុគ្គល ដែលបានតស៊ូចាប់ពីចំណុចសូន្យប្រកបដោយឆន្ទះមនសិការស្នេហាជាតិដើម្បីរំដោះប្រទេសជាតិអោយរួចផុតពីរបបខ្មៅងងឹត ទទួលបានសុខសន្តិភាព និងខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍប្រទេសជាតិអោយមានការរីកចំរើនរហូតមកដល់សព្វថ្ងៃ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ បានថ្លែងអំណរគុណ និងកោតសរសើរដល់វាគ្មិនទាំងបីរូបគឺលោក ទុំប៉ែន វីរ:វិទូ លោក តាំង កក់ និងលោក អៀង ពិសី ដែលមានគំនិតនិពន្ធចងក្រងសៀវភៅ «ហ៊ុន សែនកម្ពុជា» និងសៀវភៅ «កុលាបក្រហមដងទន្លេមេគង្គ» នេះឡើង និងបានមកចូលរួមធ្វើបទបង្ហាញ លើប្រធានបទដ៏មានសារសំខាន់ព្រមទាំង បានចំណាយទាំងថវិកាធនធានផ្ទាល់ខ្លួន និងប្រគល់សៀវភៅទាំងពីរប្រភេទនេះជាសៀវភៅដែលលោក និងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ចង់បានយូរមកហើយដើម្បីបានសិក្សាស្វែងយល់។

បន្ទាប់មក លោក តាំង កក់ និងលោក ទុំប៉ែន វីរះវិទូ ព្រមទាំងលោកអៀង ពិសី ក៏បានប្រគល់ថវិកាមួយចំនួន និងសៀវភៅហ៊ុនសែនកម្ពុជា និងសៀវភៅកុលាបក្រហមដងទន្លេមេគង្គ ដល់បញ្ជាការដ្ឋានយោធភូមិភាគទី៣ នាពេលនោះផងដែរ៕