(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះ នគបាលការិយាល័យសន្តិសុខនៃស្នងការរាជធានីភ្នំពេញ បានបញ្ជូនយុវជនជនចំនួន៣នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសន្តិសុខ រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» យកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ។ ហើយសំណុំរឿងនេះដែរ កំពុងស្ថិតក្នុងចំណាត់ការ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ក្រុមយុវជនដែលអះអាងខ្លួនជាអ្នកការពារបរិស្ថានចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
យុវជនទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួនរួមមានលោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី។ ការចាប់ឃាត់ខ្លួនទាំង៣នាក់នេះ ធ្វើឡើងនៅក្នុងតែមួយគឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមសកម្មភាពផ្សេងៗគ្នា។
យុវជន ថុង រដ្ឋា ត្រូវបានចាប់នៅក្នុងផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោមហេតុផលបង្កើតបន្ទប់ផ្សព្វផ្សាយព័ត៌មាន និងធ្វើវិដេអូផ្សាយដោយមិនមានច្បាប់អនុញ្ញាត។