(បាត់ដំបង)៖ រថយន្តយីឌុបកង់១៦មួយគ្រឿង ដែលដឹកទំនិញគ្រឿងហូប ពេញលើសកំណត់បានក្រឡាប់ នៅវេលាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ២៩ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះជិតរង្វង់មូលនាងគង្ហីង និងគោលដៅនគរបាលចរាចរណ៍ ត្រង់ផ្លូវជាតិលេខ៥៧ ភូមិដំណាក់ហ្លួងសង្កាត់វត្តគរ ក្រុងបាត់ដំបង ពេលនោះ អ្នកកាសែត បានចុះថតផ្តិយករូបភាព ស្រាប់តែម្ចាស់ទំនិញដេញឆក់ទូរស័ព្ទបម្រុងបោកចោល រួចគម្រាមប្តឹង បើសិនជាហ៊ានផ្សាយព័ត៌មាននេះ។
ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា រថយន្តនេះបានដឹកទំនិញពីព្រំដែនថៃ ចូលមកដីខ្មែរ ដឹកយកទៅលក់នៅភ្នំពេញ ក្នុងសភាពសំពីងសំពោងដឹកធ្ងន់ផង លុះមកដល់ចំណុចកើតហេតុដោយសារតែបើកបរតាមផ្លូវកាត់ ក្នុងល្បឿនលឿនចំផ្លូវបត់កោង យកចង្កូតមិនទាន់ ក៏បែកបូម ខាងមុខប្រទាញបណ្តាលឲ្យក្រឡាប់ ទៅខាងស្តាំដៃតែម្តង។
លុះព្រឹកឡើងអ្នកសារព័ត៌មាន បានចុះទៅថតផ្តិតយករូបភាព ស្រាប់តែម្ចាស់ទំនិញខឹង បានដេញកញ្ឆក់ទូរស័ព្ទពីអ្នកសារព័ត៌មាន ដោយបានប្រកែក និងប្រទាញប្រទង់គ្នាទៀតផង។
មតិមហាជនបានរិះគន់ថា រថយន្តដឹកទំនិញ ក្រឡាប់សោះ គ្រាន់តែអ្នកសារព័ត៌មានថតរូបប៉ុណ្ណឹង ចាំបាច់ខឹងដល់ថ្នាក់ហ្នឹង ឬមួយទំនិញទាំងនោះ ដឹកដោយគេចពន្ធ ឬលើសច្បាប់កំណត់ទេដឹង។
បើតាមសម្តីមន្រ្តីនគរបាលចរាចរណ៍ ដែលឈរជើងជាប្រចាំនៅជិតកន្លែងកើតហេតុបាននិយាយថា រថយន្តក្រឡាប់នេះ សូម្បីតែលោកជាសមត្ថកិច្ចទៅសួរនាំ ពួកគេមិនឆ្លើយតបផង គឺឆ្លើយថាមិនដឹងរឿងអីទាំងអស់....?
គួរបញ្ជាក់ថា រៀងរាល់យប់មិនថា រថយន្តដែលរកស៊ីដឹកទំនិញគ្រប់ប្រភេទ អាចនិងមានពន្ធស្របច្បាប់ខ្លះ និងគេចពន្ធខ្លះ ហើយដឹកធ្ងន់ដែលបណ្តាលឲ្យខូចផ្លូវបំផ្លាញផ្លូវជាតិ និងបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារតែពួកអស់លោកទាំងនេះហើយ.....! សមត្ថកិច្ចគួរមានវិធានការក្តៅបំផុត៕