(កោះកុង)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបន្តក្រើនរំលឹកដល់មន្ត្រីបោះឆ្នោតនៃ ល.ខ.ប កោះកុង «ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍មិនលម្អៀងជាដាច់ខាត» ហើយវត្តមានរបស់លោកមិនមែនមកប្រាប់ឱ្យលម្អៀងទេ ព្រមទាំងមិនត្រូវយល់ថា អ្នកដែលមិននៅខាងខ្លួន ឬគាំទ្រខ្លួនសុទ្ធតែជាសត្រូវនោះទេ។
ការថ្លែងរម្លឹកនេះ បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) ខេត្តកោះកុង នៅអគារ ល.ខ.ប ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក សេង នេង ប្រធាន ល.ខ.ប កោះកុង បានធ្វើរបាយការណ៍ជូនគណៈប្រតិភូ ក្រោមការដឹកនាំរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ថា ខេត្តកោះកុង មានចំនួនប្រជាពលរដ្ឋសរុប ចំនួន១៤១.៣០២នាក់ ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួន ៨៩.៩២៩នាក់ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៩ ចំនួន៦៦.២៣៣នាក់ និងមានផែនការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០២០ ចំនួន២.៩០១នាក់។
ពាក់ព័ន្ធនឹងរបាយការណ៍សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ប្រធាន គជប បានថ្លែងពង្រឹងការងារជារួមថា ការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតបាន លុះត្រាតែមានឯកសារគ្រប់គ្រាន់ ហើយការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសំដៅលើ៖
* ប្រជាពលរដ្ឋរូបនោះបានសុំសិទ្ធិចុះឈ្មោះបោះឆ្នោតនៅកន្លែងថ្មី (ប្រសិនបើប្រជាពលរដ្ឋណាម្នាក់ផ្លាស់ទីលំនៅជាបណ្ដោះអាសន្ន ឬដើម្បីទៅរកការងារធ្វើ យើងមិនអាចលុបឈ្មោះរបស់គាត់ចេញពីបញ្ជីបោះឆ្នោតបានទេ)
* ប្រជាពលរដ្ឋផ្លាស់ទីលំនៅចេញជាអចិន្ត្រៃយ៍ទៅរស់នៅរាជធានី ខេត្តផ្សេង (ប្រជាពលរដ្ឋត្រូវស្នើសុំចេញទិដ្ឋាការពីអាជ្ញាធររាជធានី ខេត្ត ដើម្បីផ្លាស់ទៅរាជធានី ខេត្តផ្សេង)
* ប្រជាពលរដ្ឋដែលទទួលមរណភាព (មន្ត្រី ល.ខ.ប ត្រូវយកចិត្តទុកដាក់ចំពោះឯកសារយោង ឬសំបុត្រមរណភាព ដែលត្រូវស្រង់ចូលទម្រង់ ១០២៥។ ក្នុងករណីបញ្ជូនទម្រង់ ១០២៥ មក គ.ជ.ប ដោយគ្មានឯកសារយោងបញ្ជាក់ថា ប្រជាពលរដ្ឋរូបនោះទទួលមរណភាពទេ គ.ជ.ប មិនអាចលុបឈ្មោះប្រជាពលរដ្ឋរូបនោះចេញពីបញ្ជីបោះឆ្នោតបានទេ)។
សូមជម្រាបជូនថា ខេត្តកោះកុង មានការិយាល័យចុះឈ្មោះបោះឆ្នោតអចិន្រ្តៃយ៍ និងការិយា-ល័យចល័ត សរុបចំនួន ១៨៣ ក្នុងនោះមានការិយាល័យចល័ត ចំនួន១២ ដែលជួបការលំបាក ត្រូវការជួលមធ្យោបាយដូចជា ទូក សម្រាប់ដឹកមន្ត្រី ក្រុមចុះឈ្មោះ កុំព្យូទ័រ និងសម្ភារៈមួយចំនួនទៀត ទៅកាន់ការិយាល័យចុះឈ្មោះបោះឆ្នោត និងត្រូវដឹកត្រលប់មកវិញ នៅពេលបញ្ចប់ការងារ។
ទន្ទឹមនឹងនេះ ល.ខ.ប កោះកុង មានការសហការបានយ៉ាងល្អជាមួយអាជ្ញាធរគ្រប់ដំណាក់ កាលទាំងអស់ ទាំងការស្រង់ស្ថិតិ ការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត ការបណ្ដុះបណ្ដាល ការឃោសនា សន្តិសុខ និងការផ្សព្វផ្សាយជាដើម។
ជាមួយគ្នានេះ លោកប្រធាន ល.ខ.ប កោះកុង ក៏បានស្នើសុំដីមួយកន្លែងពីខេត្ត ហើយខេត្ត បានផ្ដល់ជូនដីមួយកន្លែងទំហំ ៣០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ដើម្បីប្រើប្រាស់ជាកម្មសិទ្ធិ ល.ខ.ប ដែលមានទីតាំងនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ បន្ទាប់ពីទទួលបានដីធ្វើជាកម្មសិទ្ធិរួចហើយ គ.ជ.ប បានធ្វើការសាងសង់អគាររដ្ឋបាល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ កន្លងមកនេះ។
ប្រធាន ល.ខ.ប កោះកុង ក៏បានប្ដេជ្ញាក្នុងការដឹកនាំឱ្យមានភាពល្អប្រសើរ ដោយធានាបាន នូវនិរន្តរភាពប្រកបដោយលក្ខណៈច្បាប់ វិទ្យាសាស្ត្រ សីលធម៌ គុណធម៌ និងភាពទទួលយកបាន។ ម្យ៉ាងទៀត លោកនឹងបន្តពង្រឹងទំនាក់ទំនងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ រួមទាំងអង្គការសង្គមស៊ីវិលនានា ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ហើយដោយឈរលើស្មារតីនេះ ទើបធ្វើឱ្យការងារបោះឆ្នោតនៅខេត្តកោះកុង ទទួលបានជោគជ័យប្រកបដោយឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាព ហើយលទ្ធផលអាចទទួលយកបានទាំងអស់គ្នា។
ប្រធាន គជប នៅតែក្រើនរំលឹកដល់មន្ត្រីបោះឆ្នោតនៃ ល.ខ.ប កោះកុង «ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍មិនលម្អៀងជាដាច់ខាត» ហើយវត្តមានរបស់លោកមិនមែនមកប្រាប់ឱ្យលម្អៀងទេ ព្រមទាំងមិនត្រូវយល់ថា អ្នកដែលមិននៅខាងខ្លួន ឬគាំទ្រខ្លួន សុទ្ធតែជាសត្រូវនោះទេ។ ជាងនេះទៀត លោកបានលើកបង្ហាញសៀវភៅ ស្តីពីក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត ដោយឯកឧត្តមបានអានចំណុច ៦.៧ នៃក្រមសីលធម៌ដែលមានខ្លឹមសារជាអាទិ៍ថា៖
* មិនត្រូវលម្អៀងជាដាច់ខាត និងមិនត្រូវធ្វើសកម្មភាពសម្ដែងអាកប្បកិរិយា ឥរិយាបថ ឬពោលពាក្យសម្ដី ឬថ្លែងសុន្ទរកថា ឬថ្លែងការណ៍អ្វីមួយដែលបង្ហាញឱ្យឃើញពីភាពលម្អៀង ឬការចូលចិត្ត ឬមិនចូលចិត្តចំពោះគណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយណាមួយក្នុងពេលអនុវត្តភារកិច្ចរបស់ខ្លួន។
* មិនត្រូវធ្វើអ្វីមួយដែលជះឥទ្ធិពលលើអ្នកបោះឆ្នោត ដែលអាចធ្វើឱ្យមានការបោះឆ្នោតគាំទ្រ ឬប្រឆាំងបេក្ខជន ឬគណបក្សនយោបាយណាមួយ។
* មិនត្រូវរើសអើងគ្រប់ទម្រង់ ដូចជារើសអើងពូជសាសន៍ ភេទ កុលសម្ព័ន្ធ ឋានៈ ឬសាសនា ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ឬសកម្មភាពនយោបាយផ្សេងៗ។
ប្រធានថា «ខ្ញុំធ្វើតែតាមហ្នឹងតើ! ហើយនរណាហ៊ានលម្អៀង អ្នកនោះនឹងទទួលខុសត្រូវចំពោះមុខខ្ញុំ ខ្ញុំអត់ត្រូវការបែបហ្នឹងទេ!»។ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលជាមួយ ល.ខ.ប កោះកុង ប្រធាន គ.ជ.ប បន្តដំណើរទៅជួបជាមួយមន្ត្រី ល.ខ.ប ព្រះសីហនុ ជាបន្តទៀត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០៕