(កោះកុង)៖ លោក រៀល ដារ៉ា អធិការក្រុងខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ បានដឹកមន្រ្តីក្រោមឱវាទ រួមជាកម្លាំងកងរាជអាវុធហត្ថក្រុង និងមានការចូលរួមជាមួយ មេឃំុភូមិក្រុម ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវសាធារណៈ និងអាជីករដែលដាក់លក់ឥវ៉ាន់ គ្មានសណ្តាប់ធ្នាប់ និងអាជីវករមួយចំនួនមានលក់គ្រឿងផ្ទុះ (ផាវ) ត្រៀមលក់បុណ្យចូលឆ្នាំប្រពៃណីចិន និងជិតឈានចូលមកដល់រយៈពេល ខាងមុខនេះ។
លោក រៀល ដារ៉ា អធិការក្រុងខេមរភូមិន្ទបានឲ្យដឹងនាព្រឹកនេះថា ដោយអនុវត្តន៍តាមបទបញ្ជា របស់លោកស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងហេដ្ឋានរចនាសម្ព័ន្ធក្រុងខេត្តឲ្យបានល្អ និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ឲ្យមានសុវត្តិភាពបានល្អនោះ លោកបានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់នៅទីសាធារណៈ និងលំនៅដ្ឋានអាជីវករមួយចំនួន ដែលដាក់តាំងលក់លយមកលើដងផ្លូវសាធារណៈ គឺឲ្យរៀបចំដាក់លក់ឲ្យបានត្រឹមត្រូវ ដើម្បីធ្វើឲ្យមានសោភណ្ឌ័ភាពខេត្ត ដើម្បីទាក់ទាញ់ក្រសែភ្នែកប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិ ដែលមានដំណើរកម្សាន្តមកខេត្តកោះកុង។
លោកបានបន្តថា ជាពិសេសធ្វើការណែនាំដល់អាជីវករទាំងអស់ មិនឲ្យលក់រំសេវគ្រឿងផ្ទុះ (ផាវ) ត្រៀមបុណ្យចូលឆ្នាំប្រពៃណីចិនឡើយ ពីវត្ថុទាំងនេះ វាអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ខ្លួន និងអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខសង្គមជាតិ ហើយវាអាចធ្វើឲ្យមានបន្លំ ក្នុងករណីណាមួយ។
លោក រៀល ដារ៉ា បានធ្វើការអំពាវរនាវ ដល់បងប្អូនជនរួមជាតិទាំងអស់ ជួយថែរក្សាអនាម័យបរិស្ថាន រក្សាសណ្តាប់ធ្នាប់សន្តិសុខឲ្យគ្រប់គ្នា ដើម្បីប្រឡងប្រណាំង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវ៉ាល្អ ខេត្តយើង៕