(ភ្នំពេញ)៖ ការប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ ១៥០លានដុល្លារអាមេរិក ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រាប់សាងសង់ និងកែលំអរផ្លូវក្នុងក្រុងសៀមរាប ប្រមាណជា ៣៨ខ្សែ ជាអំណរសាទរជាពន់ពេកក្រៃសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និយាយដោយឡែក និងសម្រាប់ពលរដ្ឋកម្ពុជាទាំងមូលនិយាយជារួម។
អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប និងក្នុងនាមជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរនោះ តាមរយៈអង្គភាពព័ត៌មាន Fresh News បានសម្តែងការសាទរ និងរីករាយជាខ្លាំងសម្រាប់ដំណឹងមួយនេះ។ ក្នុងនាមខ្លួនលោកផ្ទាល់ ក៏ដូចជាពលរដ្ឋក្នុងខេត្តសៀមរាប លោក សៀង ណាំ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក សៀង ណាំ បានលើកឡើងថា ការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នឹងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត លើកកម្ពស់សោភ័ណភាពក្រុងសៀមរាប។ ជាពិសេសបានរួមចំណែកយ៉ាងខ្លាំងដល់សក្តានុពលទេសចរណ៍ និងអាជីវកម្ម វិនិយោគក្នុងខេត្តសៀមរាប កាន់តែល្អប្រសើរសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាប។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ និងកែលំអរផ្លូវចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចសាងសង់ផ្លូវទាំង ៣៨ខ្សែនៅទីរួមខេត្តសៀមរាបនេះ មិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកផ្តល់ការងារជូនពលរដ្ឋក្នុងកំលុងពេលជួបវិបត្តិកូវីដ១៩នេះផងដែរ។
ក្នុងកិច្ចប្រជុំនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបង្កើតគណៈកម្មការមួយសម្រាប់សាងសង់ផ្លូវទាំង៣៨ខ្សែនេះ ដោយមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ជាប្រធាន, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអនុប្រធាន ហើយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកប្រតិបត្តិការផ្ទាល់លើការងារនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅលោក ទៀ សីហា អភិបាលខេត្តសៀមរាប ចាប់ផ្តើមសិក្សារៀបចំ និងដោះស្រាយបញ្ហាផលប៉ះពាល់ផ្សេងៗ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នឹងបើកលំហរបេះដូចជួយសម្រួលដល់ការសាងសង់ផ្លូវទាំងនេះ ដូចជាប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានស្រេកឃ្លានផ្លូវ ហើយបានចូលរួមសហការជាមួយអាជ្ញាធរ ដោយមិនបានទាមទារសំណងលើផលប៉ះពាល់នោះឡើយ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការសាងសង់ផ្លូវនៅខេត្តព្រះសីហនុ មិនមានចំណាយថវិកាលើការសងផលប៉ះពាល់របស់ប្រជាពលរដ្ឋនោះឡើយ។
ទន្ទឹមនឹងការប្រកាសទម្លាក់ថវិកាសាងសង់ផ្លូវនៅខេត្តសៀមរាបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ដែរថា ដ្បិតថាកម្ពុជារងគ្រោះពីវិបត្តិនៃជំងឺកូវីដ១៩ តែមិនបានរំខានដល់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័នទាំងអស់ ដែលបានចូលរួមសន្សំសំចៃ ធ្វើឱ្យកម្ពុជាសន្សំបានថវិកាជាង ៦០០លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេសជាតិ៕