(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំបានពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីមូលបត្ររដ្ឋ និងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ។
កិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបញ្ជូនទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ចំនួន៥ផ្សេងទៀតរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការវិនិយោគ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការវិនិយោគ រវាងបណ្ដារដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម។
៥៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្ដីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្ដល់អាជ្ញាបណ្ណក្រុមអាកាសយានិក។
ក្នុងកិច្ចប្រជុំនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការបញ្ចេញកញ្ចប់ថវិកាចំនួនពី ១០០លានដុល្លារអាមេរិក ទៅ១៥០លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងសៀមរាប បង្កើតការងារនិងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជំរុញកំណើនភ្ញៀវទេសចរនិងកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺកូវីដ-១៩។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីរួមខេត្តសៀមរាបនេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១ ហើយនឹងធ្វើឱ្យភ្ញៀវទេសចរ កាន់តែមានមោទនភាពចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលស្ថិតក្នុងទឹកដីអច្ឆរិយៈនេះ ព្រមទាំងមានមោទនភាពចំពោះការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងទីរួមខេត្តសៀមរាបផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់គ្រប់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំសន្សំសំចៃ មិនខ្ជះខ្ជាយថវិកា ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាសន្សំថវិកាបានជាង៦០០លានដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់បន្ថែមក្នុងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចតេជោ បានថ្លែងថា កម្ពុជាត្រូវអភិវឌ្ឍសេដ្ឋកិច្ចខ្លួនឱ្យដើរទាន់សភាពការណ៍ តាមរយៈជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឬពហុភាគី និងត្រូវខិតខំនាំចេញទំនិញដែលផលិតបានទៅកាន់ទីផ្សារទាំងនោះ ព្រមទាំងបន្តចរចារនិងឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូថ្មីៗទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ដែរថា ក្នុងដំណាក់កាលបច្ចុប្បន្ននៃវិបត្តិជំងឺកូវីដ-១៩ កម្ពុជាត្រូវបង្កើនឧត្តមភាពប្រកួតប្រជែងក្នុងការជំរុញការនាំចេញស្បៀង ពិសេសការនាំចេញអង្ករទៅកាន់ទីផ្សារបរទេស នូវអតិរេកស្រូវអង្ករប្រចាំឆ្នាំដែលកម្ពុជាសម្រេចបាន។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងត្រូវបន្តជំរុញការផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ស្តីពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងជនរួមជាតិខ្មែរគ្រប់រូបដែលកំពុងរស់នៅក្នុងនិងក្រៅប្រទេស សូមទទួលបាននូវជោគជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ និងការពារកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ជារៀងដរាបតទៅ៕