(បាត់ដំបង)៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ មន្រ្តីសាខាការពារអុ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ នៅផ្សារទំនើប តាមផ្ទះល្វែងក្នុងក្រុងបាត់ដំបង បានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទចំនួន១៤៧គីឡូក្រាម យកមករក្សាទុក ដើម្បីដុតកម្ទេចចោលពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខា ក.ប.ប ខេត្ត បានឲ្យដឹងថា នៅផ្សារទំនើប ឡៅ ប៉េងលី ក្រុងបាត់ដំបង ដកហូតទំនិញខូចគុណភាព ចំនួន០១គីឡូក្រាម (ទឹកដោះគោជូ), ផ្សារទំនើប គឹម ច័ន្ទតុលា ដកហូតទំនិញខូចគុណភាចំនួន ០,៥គីឡូក្រាម ( Soya Bean ), ផ្សារទំនើបសូរិយ៉ា ក្រុងបាត់ដំបង ដោយដក
ហូតទំនិញខូចគុណភាពចំនួន ៧.២៩ គីឡូក្រាម (រួមមាន ស្ករគ្រាប់មាន០,៥៤ គីឡូ
ក្រាម, កាហ្វេកញ្ចប់មាន ៦.៧៥ គីឡក្រាម), ផ្សារទំនើប សុខ ខេង ក្រុងបាត់ដំបង ដោយដកហូតទំនិញខូចគុណភាពចំនួន១៣៨.២១
គីឡូក្រាម (រួមមាន ទឹកស៉ីរ៉ូដប(ថៃ)មាន ៧១.២៧ គីឡូក្រាម, Oyster Sauce មាន១៦.៥០ គីឡូក្រាម, ទឹកក្រូច( Big ) មាន១២គីឡូក្រាម, ទឹកស៉ីអ៉ីដប(ថៃ)មាន
៩.៤០ គីឡូក្រាម, ពោតកំប៉ុងមាន៧.២៥ គីឡូក្រាម, ទំនិញខូចគុណភាពចម្រុះ មាន ២១.៧៩ គីឡូក្រាម)។
លោកប្រធានសាខា បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការលក់ទំនិញខូចគុណភាព ក្នុងខណ:បុណ្យភ្ជំបិណ្ឌនិងកាន់បិណ្ឌឆ្នាំនេះ មន្រ្តីជំនាញចុះនៅតាមគោលដៅនានា ដើម្បីត្រួតពិនិត្យការលក់ទំនិញរបស់អាជីវករលក់ដូរ ទើបរកឃើញរួចរឹបអូសយកមកសាខា រក្សាទុកកម្ទេចចោលនៅពេលក្រោយ។
មន្រ្តីជំនាញក៏បានចុះត្រួតពិនិត្យម្សៅទឹកដោះគោ និងផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដើម្បីរកភាពមិនអនុលោមតាមខ្លឹមសារ នៃអនុក្រឹត្យលេខ១៣៣ អនក្រ.បក និងបានផ្សព្វផ្សាយ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មលេខ២៣៨៣ព.ណ.អ. កបប ។ ជាលទ្ធផល មិនមានដាក់តាំងលក់ម្សៅទឹកដោះគោម៉ាក Nutrilatt ទេ ដោយក្រហ៊ុនបានប្រមូលយកត្រឡប់ទៅវិញ។ ចំពោះម្សៅទឹកដោះផ្សេងៗទៀត មិនបានរកឃើញភាពមិនអនុលោមទេ ក្នុងផ្សារទំនើបទាំងអស់ ខាងលើឡើយ។
ជាមួយគ្នានោះ លោក ហាក់ សុខរិន ក៏បានអំពាវនាវ ដល់អាជីវកររួមគ្នាទប់ស្កាត់ និងកុំលក់ទំនិញខូចគូណភាព ឬ ម្ហូបអាហារមានដាក់លាយ សារធាតុគីមីហាមឃាត់ខុសច្បាប់បន្តទៀត ព្រោះវាបណ្តាល ឲ្យមានការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងផ្សព្វផ្សាយបន្តតាមរយៈអប់រំដោយផ្ទាល់ ឬ តាមការបិទស្ទិកឃើ នៅនឹងកន្លែងលក់តែម្តង៕