(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណ:កម្មការជាតិទប់ស្តាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅវេលាម៉ោងប្រមាណ១១៖៣០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ និងក្រុមការងារ បាន និងកំពុងចុះត្រួតពិនិត្យទីតាំងស្តុកឈើមួយកន្លែង ស្ថិតនៅស្រុកអូរាំងឪ ដោយរកឃើញឈើមានមុខកាត់ធំៗ ជាច្រើនដើម រាប់សិបម៉ែត្រគូបលាក់ទុកនៅទីនោះ។
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហីុ បានប្រាប់អង្គភាព Fresh News ថា «នៅពេលនេះ នាយឧត្តមសេនីយ៌ សៅ សុខា និងក្រុមការងារចុះមកដល់ទីតាំងស្តុកឈើមួយកន្លែង នៅស្រុកអូរាំងឪ ហើយបាននិងកំពុងចុះត្រួតពិនិត្យ ដែលមានឈើជាច្រើនដើម ខ្លះនៅខាងក្រោយឃ្លាំងមានដីនៅពីលើ»។ បើតាមអ្នកនាំពាក្យនៅពេលនេះ ក្រុមការងារជំនាញ កំពុងធ្វើការត្រួតពិនិត្យ និងវាស់វែង ចាត់ការតាមនីតិវិធី។
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងដឹកនាំ សមាជិក នៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យដល់ទីតាំងស្តុកឈើ នៅបណ្តាខេត្តភូមិភាគឦសាន៕