(ភ្នំពេញ)៖ កម្ពុជា និងអាមេរិក បានប្តេជ្ញាចិត្តពីការបន្តជំរុញការធ្វើពាណិជ្ជកម្ម និងវិយោគ ជាពិសេសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកឱ្យកាន់តែល្អប្រសើរថែមទៀត។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ប៉ាទ្រីក មូហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម ជំនួបនេះ បានពិភាក្សាផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ដែលបានកើនឡើងពី ៣.៣ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ មកដល់ ៤.៧ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ក្នុងអាត្រាកំណើនប្រមាណ ៤២ភាគរយ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្តិ ដែលធានាបង្កើនបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានធ្វើបច្ចុប្បន្នភាពជូនឯកអគ្គរដ្ឋទូត អំពីកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះក្របខ័ណ្ឌណិជ្ជកម្មនិងវិនិយោគ កម្ពុជា-អាមេរិក(TIFA)។

លោករដ្ឋមន្ត្រី ក៏បានរំលេចពីការចូលជាធរមាននៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការបង្កើតអនុក្រឹត និងបទបញ្ញត្តិពាក់ព័ន្ធ និងបានស្នើភាគីអាមេរិកបន្តជំរុញវិនិយោគិនរបស់ខ្លួនមកធ្វើធុរកិច្ច និងវិនិយោគក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះអោយបានកាន់តែច្រើន។

លោក ប៉ាន សូរស័ក្តិ និងឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក បានសម្តែងសុទិដ្ឋិនិយម ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះក្របខ័ណ្ឌពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-អាមេរិកលើកទី៦ តាមរយៈ Video Conference នៅពេលខាងមុខតាមស្ថានភាពជាក់ស្តែង។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកជាទីផ្សារធំមួយសម្រាប់ទំនិញរបស់កម្ពុជា។ សហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជានូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) ដែលជាការធ្វើឲ្យកម្ពុជា អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញ ចំនួនជាង៥,០០០មុខ។ នៅក្រោមប្រព័ន្ធអនុគ្រោះ GSP ប្រទេសកម្ពុជា បាននាំទំនិញសម្រាប់ការធ្វើដំណើរ ដែលមានតម្លៃជិត ១ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ២០១៩។ ឆ្នាំ២០១៩ កម្ពុជានាំទំនិញទៅកាន់សហរដ្ឋអាមេរិក ដែលមានតម្លៃសរុបចំនួន ៥.៣៦ពាន់លានដុល្លារ។

ក្នុងពិធីអបអរសាទរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅថ្ងៃទី០៣ ខែកញ្ញា ម្សិលមិញនេះ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចកំពុងមានការកើនឡើង ដោយមានផលិតផល និងអ្នកវិនិយោគថ្មីៗ របស់អាមេរិក កំពុងចូលមកទីផ្សារកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ប៉ាទ្រីក មូហ្វី បានឲ្យដឹងថា ក្រុមហ៊ុនអាមេរិក កំពុងនាំមកនូវការវិនិយោគប្រកបដោយតម្លាភាព និងគុណភាពខ្ពស់ ជាមួយបច្ចេកវិទ្យាថ្នាក់ពិភពលោក និងកម្មវិធីបណ្ដុះបណ្ដាល ជាមួយស្តង់ដាការងារ និងបរិយាកាសបរិស្ថានខ្ពស់ ដែលជំរុញដល់កំណើនសេដ្ឋកិច្ច សម្រាប់មនុស្សទាំងអស់គ្នា។

លោកឯកអគ្គរដ្ឋទូតអាមេរិក ក៏បានគូសបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទំនិញរាប់ពាន់មុខ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បង្កើតឲ្យមានការងារ ធ្វើជាច្រើនសម្រាប់អ្នកធ្វើការ និងជម្រើសច្រើនសម្រាប់អតិថិជននៅក្នុងប្រទេសទាំងពីរ៕