(កណ្តាល)៖ ស្ថិតនៅរមណីដ្ឋានកៀនស្វាយក្រៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកាំកុងត្រូល និងជាអនុប្រធានគណ:ពង្រឹងស្រុកកៀនស្វាយ តំណាងលោក ឌុល គឿន និងអភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ បានបំពាក់កន្សែងក្រហម និងសច្ចាប្រណិធាន ជូនក្រុមយុវជនកាយរិទ្ធ ជិត១០០០នាក់ ។
លោក ម៉ៅ ភិរុណ បានអំពាវនាវដល់ក្រុមយុវជនកាយរិទ្ធ ដែលទទួលការបំពាក់កន្សែងនៅពេលនេះ ត្រូវបង្កើនសកម្មភាព នៃការធ្វើអំពើល្អរបស់ខ្លួន ក្នុងការជួយគ្នាទៅវិញទៅមក ជាពិសេសត្រូវចូលរួម សកម្មភាព ជួយប្រជាពលរដ្ឋតាមគ្រប់រូបភាពដែលអាចធ្វើបាន ។
ដោយឡែក លោក ម៉ក់ ពេជ្ជរិទ្ធ បានប្រាប់ទៅក្រុមយុវជនកាយរិទ្ធទាំងអស់ថា ត្រូវចៀសឲ្យឆ្ងាយពីបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀន ដែលជាមរោគបំផ្លាញសង្គមជាតិ និងក្រុមយុវជនយ៉ាងខ្លាំង បើយើងចូលប្រឡូកនោះ ។ លោកក៏បានប្រាប់ទៅក្រុមយុវជនទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ហើយធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៌នេះជូនដល់ប្រជាពលរដ្ឋទូទៅ ឲ្យចូលរួម ពីព្រោះនៅពេលនេះ ប្រជាពលរដ្ឋជាច្រើននាក់ មួយថ្ងៃៗស្លាប់ និងរងរបួសដោយសារឃាតក លើដងផ្លូវមួយនេះ ។
ជាមួយនេះគ្នា លោកក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នលើការបរិភោគ ចំណីអាហារដែលដាក់លក់នៅលើទីផ្សារ ខ្លាចប៉ះពាល់ដល់សុខភាព នាំឲ្យធ្លាក់ខ្លួនឈឺ ជាពិសេសបញ្ហាស្ករត្នោត ដែលលាយសារធាតុគីមីនាពេលបច្ចុប្បន្ននេះ៕