(ភ្នំពេញ)៖ នៅដើមខែកុម្ភៈ ខាងមុខនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង នឹងដឹកនាំប្រតិភូកម្ពុជា អញ្ជើញទៅប្រទេសចិន ដើម្បីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានលោក យ៉ាង ជាឈី ទីប្រឹក្សារដ្ឋ នៃរដ្ឋាភិបាលចិន និងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ធ្វើជាសហប្រធាន សម្រាប់ពិនិត្យលើការអនុវត្តភាពជាដៃគូយុទ្ធសាស្រ្ត ទូលំទូលាយរវាងប្រទេសទាំងពីរ។
សេចក្តីជូនព័ត៌មាន បានឲ្យដឹងទៀតថា នៅអំឡុងពេលស្នាក់នៅប្រទេសចិន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងចូលសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនផងដែរ។
សូមបញ្ជាក់ថា ៦ឆ្នាំក្រោយពីគណបក្សកុម្មុយនិស្តចិន បានឡើងកាន់អំណាច និង២ឆ្នាំក្រោយពីកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង កម្ពុជា និងចិន បានចាប់មានទំនាក់ទំនងជាមួយគ្នា។ ដំបូងឡើយទំនាក់ទំនងកម្ពុជា-ចិន គ្រាន់តែជាទំនាក់ទំនងក្រៅផ្លូវការប៉ុណ្ណោះ ហើយបានប្រែក្លាយជាទំនាក់ទំនងដ៏ជិតស្និទ្ធមួយ បន្ទាប់ពីមានជំនួបរវាងសម្តេចព្រះ នរោត្តម សីហនុ និងលោក ជូ អេនឡាយ នាយករដ្ឋមន្រ្តីចិន នៅក្នុងឱកាសសន្និសីទប្រទេសមិនចូលបក្សសម្ព័ន្ធ នៅក្រុង Bandung ប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ១៩៥៥។
ចាប់តាំងពីដើមឆ្នាំ១៩៥៨ បើទោះជាចិន និងកម្ពុជា មិនទាន់មានទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាក៏ដោយ ថ្នាក់ដឹកនាំ នៃប្រទសទាំងពីរតែងតែបំពេញទស្សនកិច្ចទៅវិញទៅមក ហើយប្រទេសចិនបានក្លាយជាប្រទេសផ្តល់ជំនួយដ៏សំខាន់មួយដល់ប្រទេសកម្ពុជា។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ កម្ពុជា-ចិន បានឈានទៅបង្កើតទំនាក់ទំនងការទូត ហើយបានក្លាយជាដៃគូសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ប្រកបដោយផលប្រយោជន៍ទៅវិញទៅមក។
ដោយឈរលើស្មារតីមិត្តភាពជាអមតៈ និងដើរតាមមាគ៌ារបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន រហូតឈានដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕