(ព្រះសីហនុ)៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្រុម៦ ភូមិ ៣ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ នាវេលាម៉ោង២៣៖០០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News ថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោកបានបន្តថា ក្នុងប្រតិបត្ដិការ ចុះបង្ក្រាបគ្រឿងញៀននេះ កម្លាំងអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន២នាក់ រួមមាន៖
*ទី១៖ ឈ្មោះសៀវ ឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី២៖ ឈ្មោះចាំង អោទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្ថែមទៀតថា ក្នុងនោះ ដកហូតវត្ថុតាងបានរួមមាន៖
* ម្សៅពណ៌សប្រភេទខេ១៣កញ្ចប់ ទម្ងន់១៩.៧៣ក្រាម ទាំងសម្បក,
* ម្សៅសថ្លាចំនួន៤៣កញ្ចប់ ទម្ងន់១៣៤.៧៣ក្រាម ទាំងសម្បក,
* ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន៤៩គ្រាប់ ទម្ងន់៥.៧៩ក្រាមទាំងសម្បក,
* ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៥១គ្រាប់ ទម្ងន់១២០.៨៤ក្រាមទាំងសម្បក,
* ថ្នាំគ្រាប់ពណ៌បៃតងចំនួន២៩គ្រាប់ទម្ងន់១១.៦១ក្រាមទាំងសម្បក
* ថ្នាំកញ្ចប់ពណ៌បៃតង និងពណ៌ស្វាយចំនួន១៦កញ្ចប់ ទម្ងន់១០៤.៨៦ក្រាមទាំងសម្បក
* ទូរស័ព្ទចំនួន២គ្រឿង, ដែកកេះចំនួន៨, ជញ្ជីងចំនួន១, ដបជក់ចំនួន៣, ម៉ូតូចំនួន១គ្រឿង និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ កំពុងសាកសួរ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ៕