(កំពង់ចាម)៖ អគារអនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើវិស័យមនុស្សធម៌នាពេលថ្មីៗនេះ។
កម្មវិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន, ឧកញ៉ា អែល សារ៉ុម អគ្គនាយកក្រុមហ៊ុន K E P GROUP និងលោក ប៊ុន វុត្ថា និងភរិយា អគ្គនាយកក្រុមហ៊ុន S-Auto, លោកឧកញ៉ា ប៊ុន រតនា អគ្គនាយក S-Auto និងលោកស្រី ព្រមទាំងមន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
ក្រោមការយកចិត្តទុកដាក់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេស ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ អនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរ បានកសាងអាគារមួយខ្នង និងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាពេលកន្លងទៅថ្មីៗនេះ ដើម្បីបម្រើវិស័យមនុស្សធម៌។
លោក ឡូវ ហ៊ឹង និងលោកឧកញ៉ា ប៊ុន រតនា បានថ្លែងថា អគារអនុសាខាកាកបាទក្រហមនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមការងារ ក៏ដូចជាយុវជន ស្ម័គ្រចិត្ត កាកបាទក្រហម ដើម្បីងាយស្រួលក្នុង ការទុកដាក់នូវសម្ភារ ដែលជាអំណោយត្រៀមទុក សម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលជួបការខ្វះខាត ដោយប្រការណាមួយ ដូចជា ខ្យល់កន្រ្តាក់ គ្រោះទឹកជំនន់ ចាស់ជរា ក្មេងកំព្រា អ្នកផ្ទុក មេរោគអេដស៍ជាដើម។
ម្យ៉ាងទៀត ក៏ជាទីតាំងសម្រាប់ការជួបប្រជុំ ពិភ្សារការងារសំខាន់ៗ របស់ថ្នាក់ដឹក សមាជិកសមាជិកា កាកបាទក្រហមកម្ពុជា ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមផងដែរ។ លោកឧកញ៉ា អែល សារ៉ុម ក៏បានបញ្ជាក់ដែរថា សព្វថ្ងៃនេះប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ យើងត្រូវរួម គ្នាថែរក្សាសុខសន្តិភាព ឲ្យបានដាច់ខាត ដោយកុំចាញ់ឧបាយកលជនអគតិមួយចំនួន ដែលព្យាយាម បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
លោកឧកញ៉ា បានសង្ឃឹមយ៉ាងមុតមាំ ក៏ដូចជាជំរុញដល់សមាជិកសមាជិកា អនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរទាំងអស់ បន្តចូលរួមលើ ការងារនេះ ឲ្យកាន់តែខ្លាំងខ្លាទ្វេរឡើងបន្ថែមទៀត។
លោកឧកញ៉ា អែល សារ៉ុម និងលោកឧកញ៉ា ប៊ុន រតនា ដែលជាសប្បុរសជនចូលរួមក្នុងកម្មវិធីនេះដែរ បានលើកឡើងស្រដៀងគ្នាថា ដោយសារតែមានការជឿជាក់ លើការដឹកនាំរបស់សម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ នយោបាយ ទើបពួកលោក បានបរិច្ចាគថវិកាមួយចំនួនដែលបានពីផលចំនេញនៃការរកស៊ី ចូលរួមជាមួយកាកបាទក្រហម ដោយជឿជាក់ថា ការចូលរួមនេះ នឹងក្លាយជាចំណែកមួយ ជួយសម្រាលការលំបាករបស់ពលរដ្ឋនៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា កាកបាទក្រហម ជាអង្គការមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ស្ថាប័នមួយនេះ ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល ថាជាជំនួយការអាជ្ញាធរ សាធារណៈក្នុងការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត៕