(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខអ្នករត់ស៊ីក្លូប្រមាណ ២៤នាក់ នៅសួនច្បារខាងមុខផ្ទះរបស់សម្តេច ព្រមទាំងបានផ្តល់ថវិកាជូនពួកគាត់ម្នាក់ៗ៤០ម៉ឺនរៀល ថែមទៀតផង។
សម្តេចតេជោ បានថ្លែងបញ្ជាក់លើ Facebook ថា «ថ្ងៃនេះពិតជាសំណាង ខំធ្វើការតាំងពីព្រឹក និង ឆ្លៀតចេញទៅសួនច្បារមុខផ្ទះ។ ខ្ញុំបានជួបទេសចរបរទេស ពិសេសបានជួបបងៗ និងអ្នកធាក់ស៊ីក្លូ ២៤នាក់ ដែលផ្តល់ ឱកាសឱយខ្ញុំស្វែងយល់លើការរកស៊ី ការគ្រប់គ្រង និងការអភិរក្សស៊ីក្លូ។ សប្បាយ ដែលបានអង្គុយនិយាយគ្នានិងបានឧបត្ថម្ភក្នុងម្នាក់ៗ ៤០ម៉ឺនរៀល»។
តាមរយៈកាយវិការនេះ បានបង្ហាញឲ្យយ៉ាងច្បាស់ថា នាយករដ្ឋមន្រ្តី ផ្តើមចេញពីជីវិតជាកូនកសិករ និងអ្នកតស៊ូ ហែលឆ្លងការលំបាកស្ទើរពេញមួយជីវិតនេះ បានដាក់ចិត្តដាក់កាយជាប់ជានិច្ចជាមួយសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ទាំងអស់៕