(ប៉ារីស)៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ លោក Hassan Rouhani បានធ្វើដំណើរទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំងហើយ ដើម្បីបំពេញដំណើរទស្សនកិច្ចជាផ្លូវការ ហើយនេះគឺជាការចុះចតដំណើរទស្សនកិច្ច ជាលើកទី២ សម្រាប់រយៈពេល៤ថ្ងៃ នៃដំណើរទស្សនកិច្ចរបស់លោក នៅតំបន់អឺរ៉ុប។
លោក Hassan Rouhani បានមានប្រសាសន៍ថា លោកចង់ពង្រឹងទំនាក់ទំនង ដែលអាចផ្តល់ផលប្រយោជន៍ សម្រាប់ប្រទេសជាតិទាំងពីរ។ លោកប្រធានាធិបតីអ៊ីរ៉ង់ បានចាប់ផ្តើមដំណើរទស្សនកិច្ច របស់ខ្លួន ដោយជួបប្រជុំជាមួយនឹងក្រុមហ៊ុនប្រតិបត្តិ ប្រមាណ២០ក្រុមហ៊ុន ព្រមទាំងជួបជាមួយ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius និងរដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង លោក Emmanuel Macron ផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Hassan Rouhani នឹងថ្លែងសន្ទរកថា ទៅកាន់ក្រុមមេដឹកនាំអ្នកធ្វើជំនួញ នាវេទិកា Franco-Iranian ផងដែរ៕