(ភ្នំពេញ)៖ ដោយអស់ជំនឿថា «ខ្មោចស្លាប់ហើយអាចរស់ឡើងវិញ» អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់នៃគណបក្ស ដែលត្រូវបានតុលាការរំលាយចោលបានចាប់ផ្តើមស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជាបន្តបន្ទាប់ម្តងទៀតហើយ។
លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងអតីតមន្ត្រីបក្សនេះពីររូបទៀតគឺលោក តាន គឹមឈន និងវ៉ា សាម៉ុន បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយ តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី ៣ ខែកញ្ញានេះ តាមសំណើរដែលពួកគេបានសុំ។ នេះគឺជាការកំរើកជាថ្មីនៃចលនា សុំសិទ្ធិធ្វើនយោបាយឡើងវិញ រលកទី២បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈ មកក្រោមគំនាបនយោបាយលាបពណ៌របស់មេបក្សជ្រុលនិយម។
ការកំរើកឡើងវិញលើកនេះ ទំនងជាអាចមានទ្រង់ទ្រាយធំពីព្រោះតាមប្រភពព័ត៌មាន ដែលអ្នកនយោបាយតុកាហ្វេទទួលបាន មានអតីតអ្នកតំណាងរាស្ត្រ និងមន្ត្រីអតីតបក្សសង្គ្រោះជាតិផ្សេងៗទៀតក៏កំពុងរៀបចំជើងព្រួល ដើម្បីដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ នាពេលខាងមុខនេះដែរ។
ទន្ទឹមនឹងនេះ ពួកគេក៌កំពុងត្រៀមលក្ខណៈក្នុងការបង្កើតគណបក្សប្រឆាំងថ្មី ដែលមិនអាស្រ័យលើលោក សម រង្ស៊ី ទៀតឡើយ។ បើនិយាយឲ្យចំ ពេលនេះ សម រង្ស៊ី នៅសល់តែសំបកខ្លួន និងមនុស្សហែហមមួយដំបរស្វា ដែលសុទ្ធសឹងតែមានទោសជាប់ខ្លួនផង និងមានដីកាចាប់ខ្លួនផងតែប៉ុណ្ណោះ ។ ហើយក្រៅពីនោះ ពួកគេបាននិងកំពុងនាំគ្នារត់ចោលមេបក្សដ៏មហាកំសាករូបនេះសឹងតែអស់ទៅហើយ។
មានមូលហេតុច្រើនយ៉ាងដែលជំរុញឲ្យអតីតអ្នកតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងនាំគ្នាចាកចេញពី សម រង្ស៊ី ហើយមកសុំសិទ្ធិធ្វើ នយោបាយឡើងវិញ៖
មូលហេតុទី១៖ ពួកគេពិតជាអស់ជំនឿនិងអស់សង្ឃឹមមែនទែនហើយថា ខ្មោចបក្សដែលរលាយទៅហើយនោះអាច រស់ឡើងវិញ។
អស់រយៈពេលជិត៣ឆ្នាំហើយ ដែលពួកគេទន្ទឹងរង់ចាំការរស់ឡើងវិញ នៃអតីតគណបក្សរបស់ខ្លួនទៅតាមការឃោសនាអកុសលរបស់លោក សម រង្ស៊ី។ ប៉ុន្តែ រហូតមកទល់ពេលនេះ ពួកគេមើលមិនបានឃើញនូវពន្លឺអ្វីសូម្បីតែបន្តិច។ ផ្ទុយទៅវិញ ក្តីសង្ឃឹមកាន់តែងងឹតសូន្យសុងជាងមុន ទៅទៀតបន្ទាប់ពីបានឃើញថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកាន់តែមានប្រជាប្រិយភាពទាំងនៅក្នុងផ្ទៃប្រទេស ទាំងនៅលើឆាក អន្តរជាតិជាពិសេសបន្ទាប់ពីកម្ពុជាទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
មូលហេតុទី២៖ ទន្ទឹងនឹងប្រជាប្រិយភាពរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ កម្លាំងប្រឆាំងដឹកនាំដោយ សម រង្ស៊ី ឯណោះវិញកាន់តែចុះខ្សោយនិងកាន់តែ ដុនដាបពីមួយឆ្នាំទៅមួយឆ្នាំដោយសារការបែកបាក់ផ្ទៃក្នុងផង និងដោយសារភាពកម្សោយ នៃនយោបាយរបស់ លោក សម រង្ស៊ី ដែលធ្វើឲ្យរាល់ផែនការ របស់ខ្លួនបរាជ័យជាបន្តបន្ទាប់ផង។
បរាជ័យទឹក ចុងក្រោយនិង យ៉ាងអាម៉ាស់បំផុតរបស់ សម រង្ស៊ី គឺផែនការវិលចូលស្រុកវិញ កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ដែលគេអាចនិយាយបានថា ការបរាជ័យនេះធ្វើឲ្យ សម រង្ស៊ី អស់ក្រេឌិតរលីង ឬនិយាយតាមបែបផ្សេងគឺចាញ់អស់រលីងពីខ្លួន។
មូលហេតុទី៣៖ ការរំពឹងទៅលើ សហគមន៍អន្តរជាតិជួយអន្តរាគមន៍ ដើម្បីប្រោសគណបក្សដែលស្លាប់ឲ្យរស់ឡើងវិញ ទៅតាមការឃោសនា របស់ សម រង្ស៊ី បានផុតរលត់ទៅហើយ។
នរណាក៏បានឃើញដែរថា សហគមន៍អន្តរជាតិនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងភ្នំពេញជាពិសេសពួកគេកាន់តែ សហការជិតស្និទ្ធជាមួយកម្ពុជាថែមទៀតក្នុងដំណាក់កាលកូវីដ ១៩ ។ ម៉្យាងទៀត ក្នុងពេលដែល មានការប្រជែងគ្នាកាន់តែខ្លាំងនិងស្រួចស្រាវឡើងរវាងមហាអំណាចដើម្បីដណ្តើមឥទ្ធិពលនិងផលប្រយោជន៍ ភូមិសាស្ត្រនយោបាយ កម្ពុជា បានក្លាយជា «កូនក្រមុំ» ដែល ពួកគេនាំគ្នាមកចែចូវចង់ដណ្តឹងមិនដាច់ពោលគឺ «ហាងឆេងនាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់តែឡើងថ្លៃខ្ពស់ជាងមុនឆ្ងាយណាស់» ។
មូលហេតុទី៤៖ ពេលវេលានៃការបោះឆ្នោតទាំងថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិកាន់តែខិតចូល មកដល់ហើយ។ ដូច្នេះ ការ«ទន្ទឹងរង់ចាំខ្មោចដែលស្លាប់ហើយរស់ឡើងវិញ មិនខុសពីផ្កាប់បំពង់រង់ចាំទឹកភ្លៀងទាំងកណ្តាលខែចែតនោះឡើយ»។ហើយប្រសិនបើពួកគេរង់ចាំបន្តទៀត អ្វីៗនឹងហួសពេលជាមិនខានឡើយ។
សូមកុំភ្លេចថា គេត្រូវរង់ចាំរយៈ ពេល ៥ឆ្នាំទើបមានការ បោះឆ្នោតម្តង។ ដូច្នេះ ការខកខានមិនបានចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតសភា ឆ្នាំ ២០២៣ ខាងមុខនេះស្មើនឹងខាតពេលជិត ១០ឆ្នាំឯណោះគិត ចាប់តាំងពីបក្សប្រឆាំងជ្រុលនិយមត្រូវបានរំលាយ។
មូលហេតុទាំងអស់នេះហើយ ដែលធ្វើឲ្យអតីតតំណាងរាស្ត្រនិងមន្ត្រីជាន់ខ្ពស់ រួមទាំងសកម្មជនអតីតបក្សប្រឆាំងសម្រេចចិត្តបោះបង់ សម រង្ស៊ីចោល ហើយវិលមកធ្វើនយោបាយតាមឆន្ទៈរបស់ខ្លួន និងតាមផ្លូវរបស់ខ្លួនវិញ។
មកដល់ត្រង់ចំណុចនេះ គេអាច និយាយបានថា «ចប់ហើយជំនាន់នយោបាយ សម រង្ស៊ី, ចប់ហើយក្តីសង្ឃឹមថា ខ្មោច អាចរស់ឡើងវិញ, ចប់ហើយការស្រមើស្រមៃថា បរទេសអាចគាបសង្កត់រដ្ឋាភិបាលភ្នំពេញអោយយកអធិប្បតេយ្យជាតិទៅដូរជាមួយជំនួយ និងចប់ហើយគំនាបនយោបាយនៃការលាបពណ៌ដែលសាបព្រួសដោយ សម រង្ស៊ី»។
ពីពេលនេះតទៅ មានតែខ្មែរខ្លួនឯងទេដែលត្រូវជួយខ្លួនឯង និងត្រូវដោះស្រាយបញ្ហាដោយខ្លួនឯង។ មានតែការ សម្រេចចិត្តតាមឆន្ទៈរបស់ខ្លួនឯងទេទើបអាចឈានទៅ សម្រេចគោលដៅរបស់ខ្លួន បាន។ នេះគឺជាដើមចមនៃការកំរើកជាថ្មីនៃចលនាសុំសិទ្ធិធ្វើនយោបាយឡើងវិញដែលជារលក ទី២ ក្នុងចំណោមអ្នកធ្លាប់គាំទ្រសម រង្ស៊ី។
ការបន្តជីវិតនយោបាយនៅលើ សង្វៀននយោបាយស្របច្បាប់តាមរយៈការសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយរំដោះខ្លួនចេញពីគំនាប នយោបាយលាបពណ៌គឺជាជំរើសដ៏វៃឆ្លាតនិងពោរពេញដោយឱកាស។ ផ្ទុយទៅវិញ ការ បន្តស្ថិតនៅក្រោមគំនាប នយោបាយរបស់ សម រង្ស៊ី គឺមិនខុសពីការដុតបំផ្លាញឱកាស សម្រាប់ខ្លួនឯងចោលដោយឥតប្រយោជន៍នោះឡើយព្រោះ «ខ្មោចមិនអាចរស់ឡើងវិញបានឡើយ» ៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ