(ហ៊ូជីមិញ)៖ ក្រុមហ៊ុនរថយន្តតាក់ស៊ី HO CHI MINH CITY នៅក្នុងប្រទេសវៀតណាម បានបណ្តេញចេញក្រុមអ្នកបើកបរចំនួន ៦៤២នាក់ ឲ្យឈប់ពីការងារ នៅក្នុងឆ្នាំ២០១៥ ភាគច្រើន ដោយសារពួកគេប្រើប្រាស់គ្រឿងញៀន ឬក៏បន្លំប្រាក់ពីអតិថិជន នេះបើតាមការឲ្យដឹងពី សមាគមរថយន្តតាក់ស៊ីទីក្រុងហ៊ូជីមិញ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ។
ក្រុមហ៊ុនតាក់ស៊ី ក៏បានសម្រេចផ្តន្ទាទោសកម្រិតស្រាល លើក្រុមអ្នកបើកបរជិត ២.៩០០នាក់ផងដែរ កាលពីឆ្នាំ២០១៥កន្លងទៅ ដោយសារពួកគេបានបំពាន លើបទបញ្ជារបស់ក្រុមហ៊ុន។ នៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនតាក់ស៊ីជាច្រើន នៅក្នុងទីក្រុងមួយនេះ បានកោតសសើរ និងផ្តល់រង្វាន់ ជូនដល់ក្រុមអ្នកចំនួន ៨.០២៧នាក់ ដោយសារពួកគេបានជូនទ្រព្យសម្បត្តិ ទៅអតិថិជនវិញ ដែលបានភ្លេចនៅលើរថយន្ត ជាពិសេសអ្នកបើកបរចំនួន ១៧នាក់ បានទទួលវិញ្ញាបនបត្រនៃការប្រតិបត្តិត្រឹមត្រូវពីអាជ្ញាធរក្រុង ដោយសារតែម្នាក់ៗក្នុងចំណោមពួកគេ បានផ្តល់ទ្រព្យសម្បត្តិ ទៅម្ចាស់ដើមវិញ ដែលមានតម្លៃជាង ១ពាន់លានដុង ស្មើនឹង ៤៤.៤០០ដុល្លារសហរដ្ឋអាម៉េរិក ហើយពួកគេក៏បានចូលរួម នៅក្នុងការចាប់ខ្លួនចោរឆក់ និងក្រុមចោរប្លន់ផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន HO CHI MINH CITY បច្ចុប្បន្នមានរថយន្តតាក់ស៊ីជិត ១០.៧០០គ្រឿង ដោយបានដឹកជញ្ជូន អ្នកធ្វើដំណើរប្រមាណ ២៤០លាននាក់ នៅក្នុងឆ្នាំ២០១៥ ស្មើនឹងប្រមាណ៤០ភាគរយ នៃចំនួនអ្នកធ្វើដំណើរសរុប ដែលប្រើប្រាស់ការដឹកជញ្ជូន សាធារណៈនៅក្នុងទីក្រុង៕