(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ និងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌, លោក ជាម ហ៉ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក ជាវ តាយ អភិបាលខេត្តកំពត, លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង, លោក ងិន ងិនដា អភិបាលរងខេត្តកែប, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមជាមួយនឹងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ សរុបចំនួនប្រមាណ ២០០នាក់។
ថ្លែងក្នុងពិធីនេះ លោក កើត រិទ្ធ បានសំដែងនូវការអបអរសាទរចំពោះការប្រកាសដាក់ឱ្យដំណើការសាលាឧទ្ធរណ៍ព្រះសីហនុ និងការចូលកាន់មុខតំណែងជាផ្លូវការរបស់លោក សុខ កល្យាណ ដែលត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ, លោក សរ យសថាវរៈ ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និងលោក លឹម ស៉ីណាត ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «សាលាឧទ្ធរណ៍ព្រះសីហនុ ក៏ដូចជាសាលាឧទ្ធរណ៍តំបន់ពីរផ្សេងទៀត គឺសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងសាលាឧទ្ធរណ៍បាត់ដំបង ត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាប្រវត្តិសាស្រ្តនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក៏ដូចជាជួយកាត់បន្ថយការកកស្ទះសំណុំរឿង ដែលត្រូវប្រមូលផ្តុំនៅសាលាឧទ្ធរណ៍ភ្នំពេញតែមួយ ហើយការបង្កើតសាលាឧទ្ធរណ៍ព្រះសីហនុ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងដែនដីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដោយអាចជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរពីបណ្តាខេត្តជាប់មាត់សមុទ្រទាំង៤ ខាងលើមកកាន់រាជធានីភ្នំពេញ»។
ទន្ទឹមនឹងការលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ ជាទិសដៅបន្ត ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលនឹងបន្តខិតខំអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា សំដៅលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ និងយុតិ្តធម៌ និងស្អាតស្អំ ក្នុងគោលបំណង ដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធយុត្តិធម៌កម្ពុជា លើកកម្ពស់សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីតុលាការទាំងអស់។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានផ្តល់ការណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ព្រមទាំងចៅក្រម អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់នៃសាលាឧទ្ធរណ៍ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ ក៏ដូចជានៅតាមសាលាជម្រះក្តីផ្សេងទៀតនៅទូទាំងប្រទេស ត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយសំណុំរឿងឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងកុំឱ្យមានការបញ្ហាកកស្ទះសំណុំរឿង ដែលសិ្ថតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របទៅតាមគោលដៅ ដែលក្រសួងយុតិ្តធម៌បាននិងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត៕