(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក មូហាម៉ាត់ សាឌីក សាន់ច្រានី (Muhammad Sadiq Sanjrani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ។
ប្រធានស្ថាប័នសភាប្រទេសទំាងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ នាពេលកន្លង និងបានសន្យាថា នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងការទូតសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត ទាំងទ្វេភាគី និងពហុភាគី ដូចជាក្នុងក្របខណ្ឌ សហភាពអន្តរសភា (IPU) សភាតំបន់អាស៊ី (APA) និង វេទិកាសភាតំបន់អាស៊ីប៉ាស៊ីហ្វិក (APPF) ជាដើមនោះ។
លោក មូហាម៉ាត់ សាឌីក សាន់ច្រានី បានកោតសរសើរចំពោះសម្តេចប្រធានរដ្ឋសភា ដែលមានបទពិសោធន៍ច្រើនក្នុងភាពជាអ្នកដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍជឿនលឿន និងជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសភា នៃប្រទេសទាំងពីរ។
លោកបានស្នើសុំរដ្ឋសភាកម្ពុជា គាំទ្របេក្ខភាពសភាប៉ាគីស្ថាន ជាប្រធាន IPU ក្នុងអាណត្តិ២០២០-២០២៣ និងជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់រដ្ឋសភាប្រទេសទំាងពីរនៅគ្រប់កម្រិត។
សម្តេចពញាចក្រី ហេង សំរិន បានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានព្រឹទ្ធសភា។ សម្តេចនឹងជំរុញក្រុមសភាជាតិកម្ពុជា IPU ពិចារណា និងគាំទ្រចំពោះសំណើរបស់សភាប៉ាគីស្ថាននេះ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានគំាទ្រសភាប៉ាគីស្ថាន ជាសមាជិកសង្កេតការណ៍របស់អន្តរសភាអាស៊ាន (AIPA) ដែលរដ្ឋសភាវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះនាដើមខែកញ្ញា ខាងមុខនេះ ផងដែរ៕