(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យមានឈ្មោះ ឡាច ចន្ថា អាយុ២៥ឆ្នាំ ទៅកាន់សាលាដំបូងរាជធានីភ្មំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូបច្បាប់ ក្រោមបទល្មើស រំលោភ និងអារ-កសម្លាប់ក្មេងស្រីរងគ្រោះ។
សូមបញ្ជាក់ថា ឃាតករូបនេះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត, នគរបាលខណ្ឌពោធិ៍សែនជ័យ, ខណ្ឌព្រែកព្នៅ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ក្រោយការបញ្ជាយ៉ាងម៉ឺងម៉ាត់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយពីបានសាកសួរជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដំបងឆក់ ឆក់ជនរងគ្រោះ ហើយកាំបិតចិតបន្លែ អារ.ក បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង រួចក៏ចាប់ផ្តើមធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះពិតប្រាកដមែន។
គួរជម្រាបថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ហើយនាងគឺជាកូនទី៤ មានឪពុកឈ្មោះ ទ្រី អ៉ី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ព្រោះតែការតក់ស្លុតខ្លាំងពេក ម្ដាយបានយំសោករហូតដល់សន្លប់៕