Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្ដ ចាយលុយជាង១០០លានដុល្លារ (Video inside)

03-09-2020 14:40

(ភ្នំពេញ)៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃកន្លងទៅនេះ មានភ្ញៀវទេសចប្រមាណ១.៤លាននាក់ បានដើរកម្សាន្ដនៅទូទាំងប្រទេស ក្នុងនោះបានចាយថវិកាប្រមាណជាង១០០ដុល្លារអាមេរិក។

ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេល នៃការរីករាលជំងឺកូវីដ១៩» លោក ទិត ចន្ថា បានបញ្ជាក់ថា ការចាយថវិការបស់ភ្ញៀវទេសចរនេះ គឺជាការជំរុញចរន្ដសេដ្ឋកិច្ចផ្ទៃក្នុងមួយដ៏ល្អ គ្រាដែលទេសចរណ៍បរទេសត្រូវបានធ្លាក់ចុះស្ទើរទាំងស្រុង។

លោក ទិត ចន្ថា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឱកាសឈប់សម្រាកកន្លងទៅនេះ សកម្មភាពទេសចរណ៍ផ្ទៃក្នុងបានរុញទៅគ្រប់ទិសទីទាំងអស់ មានរហូតទៅដល់ប្រមាណ១.៥លាននាក់ ក្នុងនោះមាន១០ភាគរយ ជាជនបរទេសនៅក្នុងប្រទេសកម្ពុជា បានជំរុញសេដ្ឋកិច្ចផ្ទៃក្នុងដែលយើងប៉ាន់ប្រមាណ ជំហានដំបូងថា ប្រមាណ១០០លានដុល្លារ ក្នុងរយៈពេល៩ថ្ងៃកន្លងមកនេះ»

មន្ដ្រីជាន់ខ្ពស់រូបនេះ បានអះអាងទៀតថា ថវិកា១០០លានដុល្លារនេះ គឺជាចរន្ដផ្ទាល់នៃការចំណាយរបស់ភ្ញៀវទៅក្នុងគោលដៅទេសចរណ៍ ហើយទុននេះនឹងជួយជំរុញផ្នែកពាក់ព័ន្ធផ្សេងៗទៀត នៃសេដ្ឋកិច្ចសង្គម។ លោកបន្ថែមថា តាមរយៈតួលេខនេះ ក៏ជាការលើកទឹកចិត្តឲ្យមានការវិនិយោគបន្ថែម សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាកម្មទេសចរណ៍នៅមូលដ្ឋាន ចាប់ផ្ដើមបើកដំណើរការឡើងវិញផងដែរ។

បើតាមលោក ទិត ចន្ថា ក្នុងរយៈពេល៩ថ្ងៃ នៃការឈប់សម្រាក (បូកទាំងថ្ងៃសៅរ៍ អាទិត្យ) តំបន់ទេសចរណ៍ជាច្រើនជួបប្រទះនូវកង្វះការផ្គត់ផ្គង់ ដូចជាកន្លែងស្នាក់នៅជាដើម ហើយប្រសិនបើមានមូលដ្ឋានទេសចរណ៍ច្រើនជាងនេះ អាចនឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុង កាន់តែច្រើនទៀតផងដែរ ក្នុងពេលឈប់សម្រាកនេះ។

ជាមួយគ្នានេះ លោក ទិត ចន្ថា បានឲ្យដឹងថា រហូតមកដល់ពេលនេះ តាមតួលេខដែលក្រសួងទេសចរណ៍ទទួលបាន អាជីវកម្មបម្រើឲ្យវិស័យទេសចរណ៍ ៣០ភាគរយបើកដំណើរការឡើងវិញ ក្នុងចំណោម៩០ភាគរយដែលត្រូវបិទទ្វារ ដោយសារកូវីដ-១៩។ ក្នុងនោះ កម្មករ និយោជិត ប្រមាណជាង១០ម៉ឺននាក់បានចូលបម្រើការងារវិញផងដែរ៕