(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានកំណត់ឲ្យក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួល ត្រឹមថ្ងៃទី០៩-១០ ខែកញ្ញា ពោលគឺនៅមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។
ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) អាណត្តិទី១ ឆ្នាំទី២ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរសម្លៀក និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។
នាឱកាសនោះ លោក អ៉ិត សំហេង បានឱ្យដឹងថា ការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា នៅប្រទេសកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តលើកដំបូងក្នុងឆ្នាំ២០០០ ហើយត្រូវបានធ្វើការកែលម្អ ជាបន្តបន្ទាប់តាមរយៈយន្តការត្រីភាគី។
ជាក់ស្តែង រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០១៦ និងទទួលបានការអនុម័ត និងប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ដោយបានបញ្ចូលនូវគោលការណ៍ទាំង៥ លក្ខណវិនិច្ឆ័យផ្នែកសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យផ្នែកសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ព្រមទាំងកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមា ដែលជាលទ្ធផលនៃសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ កាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤។
លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់ឆ្នាំ២០២០ ដំណើរការពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រព្រឹត្តទៅតាមកាលបរិច្ឆេទធម្មតា ប៉ុន្តែដោយសារនៅខែមីនា ឆ្នាំ២០២០ មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញផលិតផលចម្បងរបស់ប្រទេសកម្ពុជា ហើយប្រទេសទាំងនោះ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដែលជាហេតុធ្វើឱ្យការនាំចេញផលិតផលកាត់ដេរ និងស្បែកជើងរបស់ប្រទេសកម្ពុជាមានការធ្លាក់ចុះ។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានកំណត់ឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួលមុនបុណ្យភ្ជុំបិណ្ឌខាងមុខ ដើម្បីឲ្យកម្មករនិយោជិត ក៏ដូចជាភាគីដែលមានសមាសភាព ក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានភាពស្ងប់ចិត្តក្នុងការឈប់សម្រាក នាឱកាសខាងមុខនោះ។
អង្គប្រជុំបានឯកភាពគ្នាកំណត់យកថ្ងៃទី០៩-១០ ខែកញ្ញា ជាពេលវេលាប្រជុំបញ្ចប់ចុងក្រោយ សម្រាប់កិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួល ដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ៤០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ៕