(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា មន្ត្រីក្រសួងទាំងអស់ ត្រូវពង្រឹង និងបង្កើនប្រសិទ្ធភាព ការងារ ព្រមទាំងយកឆន្ទៈមកបម្រើប្រជាពលរដ្ឋ ដើម្បីជួយដល់វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបន្ថែមទៀតថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដូចជាការកាត់បន្ថយនូវភាពរងគ្រោះ និងងាយរងគ្រោះរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនគ្រប់ស្រទាប់ សំដៅលើកកម្ពស់កម្រិតប្រជាជន ប្រជាជនក្រីក្រ ងាយរងគ្រោះ ជនពិការ កុមារកំព្រា អនីតិជន ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន អតីតយុទ្ធជន អតីតមន្ត្រីរាជការ ស៊ីវិល និងមនុស្សចាស់ជរា។
រដ្ឋមន្ត្រី វង សូត បានថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុថ្មី គឺលោក រឿន រិទ្ធីរ័ត្ន ត្រូវបានចូលមកកាន់ដំណែងជា អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ជំនួសលោក សៅ ឡែន ដែលត្រូវទៅកាន់តំណែងថ្មីវិញ។
លោក វង សូត ក៏បានកោតសរសើរដល់មន្រ្តី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តការបើកប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រឆាំងជំងឺកូវីដ១៩ ប្រកបដោយភាពជោគជ័យ និងរលូនទៅមុខ។
លោកនៅតែបក្រើនរំឭកដល់ប្រជាពលរដ្ឋក្រីក្រ ដែលទទួលបានថវិកាពីកម្មវិធីរបស់រាជរដ្ឋាភិបាល មេត្តាយកថវិកានោះ ទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ ដល់គ្រួសារ ចៀសវាងយកថវិកាទាំងនោះ ទៅប្រើប្រាស់ខុស ដូចជា ស៊ីផឹកជាដើម ដែលម្យ៉ាងទៀតការស៊ីផឹក គឺជាទង្វើមិនសមស្របឡើយ ព្រោះវាក៏ប្រឈម នឹងការឆ្លងជំងឺកូវីដ ១៩ ផងដែរ ។
ក្រោយទទួលបានតំណែងថ្មី លោក រឿន រិទ្ធីរ័ត្ន បានប្តេជ្ញាចិត្តថា នឹងបំពេញតួនាទីភារកិច្ច ដែលទទួលបាននាពេលនេះ ឲ្យបានល្អបំផុត ដើម្បីបម្រើដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេស គឺបម្រើលើការងារ ដែលត្រឹមត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕