(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ការងារគ្រប់គ្រង និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយមិនមែនជាជាការងារដាច់ដោយឡែករបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះឡើយ គឺជាការរួមមួយរបស់ជាតិ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លើយតបនឹងការងារគ្រោះមហន្តរាយនេះមានប្រសិទ្ធភាពខ្ពស់។

លោកទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដើម្បីអនុម័តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៩-២០២៣ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជ្រា សុចិន្តា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រងគ្រោះមហន្តរាយទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី បិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងមន្ត្រីជាន់ខ្ពស់ក្នុងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយផងដែរ។

ក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណលោកឧបនាយករដ្ឋមន្ត្រី បិន ឈិន ក៏ដូចមន្ត្រីជាន់ខ្ពស់ពីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយជាតំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ធាតុចូល និងចូលរួមផុសផុលកន្លងមក។ ការចូលរួមយ៉ាងសកម្មនេះ ជាកត្តាស្នូលក្នុងការធានាថា ផែនការដែលកសាងឡើងនឹងត្រូវអនុវត្តបានរលូន ដោយក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធទាំង អស់ក្នុងការកាត់បន្ថយហានិភ័យ ត្រៀមបម្រុងជាមុនក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញពេលមានគ្រោះមហន្តរាយកើតឡើង។

លោកទេសរដ្ឋមន្ត្រីបន្ថែមថា ការងារគ្រប់គ្រងគ្រោះមហន្តរាយមិនមែនជាភារកិច្ចផ្តាច់មុខរបស់អគ្គលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនោះទេ តែជាភារកិច្ចរួមគ្នារបស់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានានូវការអភិវឌ្ឍជាតិ និងសហគមន៍ដោយចីរភាព នៅចំពោះមុខការកើនឡើងជាបន្តបន្ទាប់មុខសញ្ញាគ្រោះថ្នាក់នានាបណ្តាលពីកត្តាការប្រែប្រួលអាកាសធាតុ។

ឈរលើមូលដ្ឋាននៃផែនការថ្នាក់ជាតិ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយនោះ លោក គន់ គីម បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមបម្រុងធនធានថវិកា និងធនធានផ្សេងៗទៀត ក្នុងផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ សម្រាប់ការងារកាត់បន្ថយហានិភ័យការឆ្លើយតប និងស្តារឡើងវិញឱ្យបានទៀងទាត់តាមវិស័យជំនាញរៀងៗខ្លួន។

លោកទេសរដ្ឋមន្ត្រី បានលើកជាឧទាហរណ៍នៃការអនុវត្តការងារបានល្អៗកន្លងមក នៅក្រសួងធនធានទឹក និង ឧត្តនិយម ក្រសួងកសិកម្ម ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតទាំងការត្រៀមធនធានការឆ្លើយតប និងស្តារឡើងវិញពេលមានគ្រោះមហន្តរាយទឹកជំនន់ ដែលធ្វើឱ្យការឆ្លើយតបលើគ្រោះមហន្តរាយបានទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំនៅថ្ងៃនេះភាគីពាក់ព័ន្ធបានឯកភាពអនុម័តខ្លឹមសាររួមនៃផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ឆ្នាំ ២០១៩-២០២៣។

សូមបញ្ជាក់ថាផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៩-២០២៣ គឺជាផែនការបែបអន្តរវិស័យនិងពហុវិស័យ និងរៀបចំឡើងដោយឈរលើមូលដ្ឋានច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តជាច្រើននៅកម្រិតជាតិនិងអន្តរជាតិ ហើយដែលមាន អគ្គលេខា ធិការដ្ឋានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាអ្នកដឹកនាំសម្របសម្រួល និងមានការអនុវត្តផ្ទាល់ទៅតាមវិស័យ ជំនាញក្រសួងពាក់ព័ន្ធនីមួយៗ ដែលមាន គោលបំណងជាក់លាក់ដើម្បី «កសាងសហគមន៍ប្រកបដោយសុវត្ថិភាព និង ភាពធន់ដើម្បីការអភិវឌ្ឍជាតិដោយចីរភាព»។

ក្នុងដំណើរការរៀបចំផែនការនេះ កត្តាចម្បងបំផុត គឺការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមដំណាក់កាលជាបន្តបន្ទាប់។ ផែនការនេះ ត្រូវពន្យារពេលអនុម័ត រហូតដល់ពេលនេះបណ្តាលមកពីបញ្ហាកូវីត-19 និងកត្តាសំខាន់មួយទៀត គឺការប្រមូលយកធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ ដើម្បីធានានូវភាពគ្រប់ជ្រុងជ្រោយ និងភាពជាម្ចាស់នៃផែនការកម្រិតជាតិនេះ៕