(ខេត្តភាគឦសាន)៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងដឹកនាំសមាជិក នៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យដល់ទីតាំងស្តុកឈើ នៅបណ្តាខេត្តភូមិភាគឦសាន។
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់អង្គភាព Fresh News ថា «នាយឧត្តមសេនីយ៍ សៅ សុខា កំពុងធ្វើដំណើរតាមរថយន្តចេញពីភ្នំពេញហើយ ឆ្ពោះទៅតាមបណ្តាខេត្តនៅឦសាន ដើម្បីបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសព្រៃឈើ តែមិនទាន់ដឹងថា ទៅខេត្តណាមុននោះឡើយ»។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធានព្រមទាំង សមាជិក៨រូបទៀត រួមមានរដ្ឋលេខាធិការក្រសួងបរិស្ថាន អគ្គនាយករដ្ឋបាលព្រៃឈើ និងអភិបាលខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី៕