(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក លូ គឹមឈន់ ប្រធានក្រុមការងារ ចុះជួយស្រុកស្រីសន្ធរ រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះរៀបចំវេទិកាសាធារណៈ ដើម្បីស្វែងរកដំណោះស្រាយ ជូនអាជីវករផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បើតាមមេឃុំព្រែកដំបូក លោក ផល វ៉ុន បានឲ្យដឹងថា ក្រោយពេលអាជ្ញាធរស្រុក បានរៀបចំទីតាំងលក់ដូរថ្មី កែលំអរសណ្តាប់ធ្នាប់ផ្សារព្រែកដំបូកឡើងវិញ ប្រមាណជា២ខែកន្លងទៅនេះ ឃើញថា បញ្ហាចម្រូងចម្រាស់ លើបញ្ហាទីតាំងលក់ដូរ របស់អាជីវករប្រមាណជាង១០០នាក់ មានភាពចម្រូងចម្រាស់ រហូតដល់បច្ចុប្បន្ន។ ដែលក្នុងនោះ មានអាជីវករមួយចំនួនឯកភាពទទួលយកទីតាំងថ្មី និងអាជីវករមួយចំនួនទៀត មិនព្រមទទួលយកទីតាំងថ្មី ។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះដែរ ក្រោយពីបានបស្ដាប់មតិ របស់ក្រុមអាជីវករ លោក អ៊ុន ចាន់ដា បានសន្មត់ថា បញ្ហានេះ មិនអាចដោះស្រាយជាបញ្ចប់ភ្លាមៗបានទេ។
លោកបន្តថា ដើម្បីធ្វើការដោះស្រាយបញ្ហានេះ ឲ្យបានជោគជ័យតាមនយោបាយឈ្នះឈ្នះ លោកបានសម្រេចដកហូតតូបចំនួន២៥ ដែលនៅសល់ប្រគល់ ឲ្យប្រធានគណៈអាជីវករផ្សារ គ្រប់គ្រងដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ផ្សារព្រែកដំបូក និងបង្កើតក្រុមការងារចម្រុះរបស់ខេត្ត១ ដោយចាត់តាំងអភិបាលរងខេត្ត ដឹកនាំក្រុមការងារដើម្បីដោះស្រាយបញ្ហានេះ ឲ្យបានជោគជ័យក្នុងរយៈពេល៣០ថ្ងៃ៕