(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ពិធីប្រគល់-ទទួលគ្រឿងយន្តកសិកម្ម ដែលជាអំណោយរបស់ក្រុមហ៊ុន Zoomlion Heavy Industry and Technology Co., Ltd ប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងនាឱកាសនេះ ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ក្រុមហ៊ុនដែលបានជំនួយឧបត្ថម្ភ ជាគ្រឿងយន្តសម្រាប់បម្រើ ឲ្យវិស័យកសិកម្ម ដែលជាផ្នែកមួយជួយជំរុញការអភិវឌ្ឍអនុវិស័យ ផលិតកម្មដំណាំកសិ-ឧស្សាហកម្ម។
លោករដ្ឋមន្ដ្រី បានបន្តទៀតថា ជំនួយដ៏មានតម្លៃនេះ វានឹងចូលរួមចំណែកក្នុងការលើកកំពស់ប្រសិទ្ធភាពការងារ ចំណេញពេល និងពលកម្ម ជាពិសេសចូលរួម លើកកំពស់ ការធ្វើទំនើបកម្មកសិកម្ម តាមរយៈការប្រើប្រាស់គ្រឿងយន្តកសិកម្ម ដើម្បីបង្កើនសមត្ថភាពផលិត ធានាទាំងបរិមាណផ្គត់ផ្គង់ និងគុណភាព ស្របតាមប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែជំរុញយ៉ាងសកម្មចលនាបង្កបង្កើនផល ដើម្បីធានាសុវត្ថិភាពស្បៀងសម្រាប់គ្រួសារ និងសម្រាប់សង្គម។
ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី វេង សាខុន តាមរយៈក្រុមហ៊ុន បានថ្លែងអំណរគុណជូន ចំពោះរដ្ឋាភិបាលចិន ដែលបានជួយជំរុញ និងបើកផ្លូវឲ្យក្រុមហ៊ុនចិនធំៗ មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលការវិនិយោគនេះ ជាផ្នែកមួយយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យនេះ ឲ្យរីកចម្រើនទាំងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ហើយលោកសង្ឃឹម និងជឿជាក់ក្រុមហ៊ុន នឹងជួយផ្គត់ផ្គង់គ្រឿងយន្តកសិកម្មគ្រប់ប្រភេទ ក្នុងតម្លៃសមរម្យអាចទទួលយកបាន។
សូមជញ្ជាក់ជូនថា គ្រឿងយន្តកសិកម្មដែលទទួលបានមាន៖ ត្រាក់ទ័រ៣គ្រឿង, គ្រឿងយន្តប្រមូលពោត១, គ្រឿងយន្តរាស់ដី១, គ្រឿងយន្តដាំគ្រាប់២, គ្រឿងយន្តសាបគ្រាប់២, Droon១, គ្រឿងយន្តសណ្តោង១ និង Round Baker២៕