(ភ្នំពេញ)៖ ដើម្បីបង្កើនភាពកក់ក្ដៅក្នុងការបណ្ដាក់ទុនរួមគ្នា រវាងបរទេស និងក្រុមហ៊ុនក្នុងស្រុកនោះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលហៅកាត់ថា CVEA បានធ្វើសិក្ខាសាលាមួយ ស្ដីពីការធ្វើឱ្យប្រសើរឡើង នូវការបណ្តាក់ទុនរួមគ្នាជាមួយដៃគូ បរទេសក្នុងវិស័យអចលនទ្រព្យ នៅសណ្ឋាគារកាំបូឌីយ៉ាណា នានៅល្ងាចថ្ងៃទី២៨ ខែមករាម្សិលមិញ ដោយមានលោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ជាអ្នកធ្វើបទឧទ្ទេសនាម និងមានតំណាងក្រុមហ៊ុនជាង ៦០ក្រុមហ៊ុនចូលរួម។
ថ្លែងក្នុងឱកាសនោះ លោក សុក ស៊ីផាន់ណា បានឲ្យថា នៅប្រទេសកម្ពុជា បច្ចុប្បន្នមានក្រុមហ៊ុនតូច-ធំជាច្រើន កំពុងជួបប្រទះបញ្ហារឿងបណ្ដាក់ទុន ជាមួយដៃគូបរទេស ប៉ុន្ដែមិនដឹងវិនិយោគរួមគ្នាដោយរបៀបណា ។ ការវិនិយោគរួមគ្នា គឺជាកិច្ចព្រមព្រៀងអាជីវកម្ម ដែលធ្វើឡើងរវាងភាគីពីរ ឬច្រើនរូប ក្នុងគោលបំណងដើម្បីពង្រឹងគុណភាពនៃភាគហ៊ុន កាត់បន្ថយហានិភ័យ និងបង្កើននូវអត្ថប្រយោជន៍ ក្នុងការប្រកួតប្រជែងលើទីផ្សារ ដោយប្រតិបត្តិតាមផ្លូវច្បាប់ ។
លោក សុក ស៊ីផាន់ណា បានឲ្យដឹងទៀតថា ជាការពិតក្រុមហ៊ុនបរទេសមានដើមទុនច្រើន និងមានបច្ចេកទេសខ្ពស់ ដែលអ្នកវិនិយោគអចលនទ្រព្យកម្ពុជា គួរចាប់ដៃសហការគ្នា ដើម្បីពង្រីកសក្ដានុពលក្នុងអាជីវកម្មអចលនទ្រព្យ និងភាពរីកចម្រើនកាន់តែខ្លាំង។ ប៉ុន្ដែការវិនិយោគផ្ទាល់លើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា សម្រាប់បរទេស មិនត្រូវបានអនុញ្ញាតឡើយ ដោយច្បាប់បានកំណត់ឲ្យក្រុមហ៊ុនបរទេស ត្រូវសហការជាមួយក្រុមហ៊ុនក្នុងស្រុក និងមានភាគហ៊ុនមិនលើសពី ៤៩%ឡើយ ទើបអាចវិនិយោគនៅកម្ពុជាបាន ។ ហើយទាំងនេះ គឺជាឱកាសដ៏ល្អ ដែលអ្នកវិនិយោគក្នុងស្រុក គួរយល់ដឹង ដើម្បីស្វែងរកដៃគូបរទេស មកពង្រឹងនិរន្ដភាពរបស់ខ្លួន ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង និងជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ាន បានឲ្យដឹងផងដែរថា ទីផ្សារអចលនទ្រព្យប្រទេសកម្ពុជាកំពុងមានកំណើនយ៉ាងខ្លាំង ដោយចំនួនក្រុមហ៊ុនអចលនទ្រព្យ ចុះបញ្ជីក៏មានការកើនឡើងដែរ ប៉ុន្តែមានក្រុមហ៊ុនមិនច្រើននោះទេ ដែលមានក្រុមហ៊ុនបរទេសជាដៃគូសហការ ។ អាស្រ័យហេតុនេះ បន្ទាប់ពីឆ្លងកាត់សិក្ខាសាលានេះ នឹងចូលរួមពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនតូច-ធំនានា យល់ដឹងច្បាស់ពីការបណ្ដាក់ទុករួមគ្នាជាមួយដៃគូបរទេស និងអត្ថប្រយោជន៍ ដែលទទួលបានមកវិញ ។
ជាមួយគ្នានេះដែរ លោក គីម ហ៊ាង ក៏បានជំរុញឲ្យក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបរទេសឲ្យបានច្រើនឡើងផងដែរ ដើម្បីឲ្យអាជីវកម្មរបស់ខ្លួនមានភាពរឹងមាំ និងរីកចម្រើនខ្លាំង៕