(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានធ្វើលិខិតទៅ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ឲ្យធ្វើការបំភ្លឺពាក់ព័ន្ធនឹងប្រវត្តិទំនាស់ដី ១១៣ហិកតា របស់ប្រជាពលរដ្ឋ ៥១គ្រួសារ នៅចំណុចអូរស្វារអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លិខិតរបស់ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន ACU ផ្ញើទៅអភិបាលក្រុងប៉ោយប៉ែត បានធ្វើឡើងបន្ទាប់ពី ACU ទទួលបានពាក្យប្តឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្តឹង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
តាមលិខិតរបស់ ACU ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ប្រជាពលរដ្ឋទាំង ៥១គ្រួសារ បានរៀបរាប់ថា ពួកគាត់មានទំនាស់ដីធ្លីជាមួយឈ្មោះ ទុយ វ៉ាន់នី តំណាងឲ្យប្រជាពលរដ្ឋ ១៤គ្រួសារ។ ដីទំនាស់នោះ ដំបូងឡើយឈ្មោះ ទុយ វ៉ាន់នី បានបញ្ជាក់ច្បាស់ថា ដីរបស់ពួកខ្លួន ១៤គ្រួសារ គឺស្ថិតនៅភូមិអូរឫស្សី ឃុំប៉ោយប៉ែត ប៉ុន្តែក្នុងឆ្នាំ២០១៥ មានការបញ្ជាក់ពីលោកមេភូមិសូរិយា និងចៅសង្កាត់និមិត្តអះអាងថា ដីរបស់ឈ្មោះ ទុយ វ៉ាន់នី តំណាងឲ្យពលរដ្ឋទាំង ១៤គ្រួសារ ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទៅវិញ។
តាមអនុក្រឹត្យចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ ស្តីពីការបង្កើតផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត បានបង្ហាញថា ភូមិអូរឫស្សី គឺស្ថិតនៅសង្កាត់ផ្សារកណ្តាល ដូចនេះបានន័យថា ទីតាំងភូមិសាស្ត្រ នៃភូមិអូរឫស្សី មិនដែលប្តូរ ឬមិនដែលកាត់ចូលដែនរដ្ឋបាលភូមិសាស្ត្រភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតឡើយ។ តើភូមិអូរឫស្សី ពិតជាភូមិសូរិយាបច្ចុប្បន្នមែនទេ?
«សូមលោកអភិបាលក្រុង បំភ្លឺករណីនេះ និងផ្តល់ឯកសារពាក់ព័ន្ធទៅ ACU ឲ្យបានទាន់ពេល ដើម្បីបន្តនីតិវិធី»។ នេះបើតាមលិខិត របស់លោក ឱម យ៉ិនទៀង៕
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត (រូបលើកដៃសំពះ)