(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន របស់ប្រទេសថៃ បានឧបត្ថម្ភដល់កម្ពុជា ក្នុងវិស័យអប់រំ ស្តីពីការអភិវឌ្ឍវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល នៅខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ សម្រាប់រយៈពេល៥ឆ្នាំបន្ថែមទៀត (ខែកញ្ញា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២៥)។
ពិធីចុះហត្ថលេខាលើគម្រោងខាងលើនេះ បានធ្វើឡើង កាលពីនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងបាងកក ដែលភាគីកម្ពុជា តំណាងដោយ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងភាគីថៃតំណាងដោយ លោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសថៃ តំណាងភាគីថៃ។ ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានសិទ្ធិប្រទានពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
វិទ្យាស្ថានទាំងពីរនេះ បានបើកបង្រៀនថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាកសិកម្ម និងឧស្សាហកម្ម ក្នុងបេសកកម្មបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេស សម្រាប់ឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ននៅកម្ពុជា។ គម្រោងព្រះរាជឧបត្ថម្ភដល់កម្ពុជា លើវិស័យអប់រំ បានកើតចេញពីព្រះរាជតម្រិះផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ ក្នុងព្រះបំណងចូលរួមអភិវឌ្ឍប្រព័ន្ធអប់រំ ប្រកបដោយគុណភាព សម្រាប់យុវជនកម្ពុជា ប្រៀបដូចជាអំណោយប្រកបដោយចីរភាពដល់ប្រជាជនកម្ពុជា ដែលជាមិត្តនឹងគ្នាជាយូរអង្វែងមកហើយ។
ស្ថានទូតកម្ពុជា បានបញ្ជាក់ទៀតថា ការអនុវត្តគម្រោងព្រះរាជឧបត្ថម្ភកន្លងមក បានជំរុញទំនាក់ទំនងរវាងកម្ពុជា និងថៃ ឱ្យកាន់តែល្អប្រសើរ ជាពិសេសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការល្អ ទាំងផ្នែករដ្ឋ និងឯកជន និងប្រជាជន ព្រមទាងបង្កើតឱ្យមានការអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មី តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាចំនួន២១២៤កន្លែង ចាប់ពីឆ្នាំ២០០៥ ដល់២០២០ ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ៖