(បន្ទាយមានជ័យ)៖ អភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី បានដឹកនាំមន្ត្រីចម្រុះចុះបិទយានដ្ឋានជួសជុលរថយន្តមួយកន្លែង ដែលលួចកែច្នៃរថយន្តធុនធំខុសច្បាប់ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ក្នុងសកម្មភាពដែលបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ លោក លី សារី បានឲ្យដឹងថា ការចុះបិទយានដ្ឋានខាងលើនេះ ក្រោយទទួលបទបញ្ជាពីលោក អ៊ុ រាត្រី អភិបាលខេត្ត លោកបានដឹកមន្ត្រីចម្រុះ មានមន្ត្រីមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត មន្ត្រីសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្ត។
លោកបានបញ្ជាក់ថា យានដ្ឋានជួសជុលរថយន្តម្ចាស់ឈ្មោះ ឆាយ ឈាន ដែលរយៈពេលកន្លងមកមន្ត្រីជំនាញបានចុះណែនាំ និងធ្វើកិច្ចសន្យា២ទៅ៣លើក។
ការចុះបិទយានដ្ឋានជួសជុលរថយន្តធុនធំនេះ ដោយសារច្បាប់អនុញ្ញាតធ្វើអាជីវកម្មជួសជុលរថយន្ត តែលួចកែច្នៃរថយន្តល្មើសច្បាប់ ហើយអាជ្ញាធរមិនបន្តឲ្យធ្វើអាជីវកម្មឡើយ ចាប់ពីពេលនេះតទៅ។ បើសិនជាលួចនៅបន្ត និងមានវិធានការតាមច្បាប់។
លោក លី សារី បានបន្ថែមថា សម្តេចក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់វិធានការលុបបំបាត់យានដ្ឋាន ដែលលួចកែឆ្នៃតរថយន្តល្មើសច្បាប់ឲ្យអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីការពារសុវត្ថិភាពចរាចរណ៍ កើតឡើងជាយថាហេតុណាមួយ។
ប្រជាពលរដ្ឋរស់នៅជុំវិញបានសប្បាយចិត្តនៅពេលឃើញមន្ត្រីចម្រុះចុះបិទយានដ្ឋានខុសច្បាប់ ហើយសង្ឃឹមថា លើកនេះបិទបានសម្រេច ព្រោះកន្លងមកឃើញចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យា និងបិទ២លើកមកហើយ ដូចគ្មានប្រសិទ្ធភាពសោះ៕