(កោះកុង)៖ ដើម្បីលើកស្ទួយហេដ្ឋារចនាសោភ័ណ្ឌភាព និងផ្នែកវិស័យទេសចរណ៍ខេត្ត និងជួយសម្រួលផ្នែកសុខុមាលភាពរបស់ពលរដ្ឋ ឲ្យមានសុខភាពល្អ និងការពារជំងឺឆ្លងផ្សេងៗ និងសម្រួលការការពារជំងឺឆ្លងកូវិដ១៩ ដែលពិភពលោកកំពង់មានហានិភ័យខ្ពស់នោះ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវឧបករណ៍លំហាត់ប្រាណចំនួន២៦គ្រឿង ដែលមានទីតាំងនៅសួនច្បារមុខសាលាខេត្តកោះកុង។
ពិធីសម្ពោធបានធ្វើឡើងនៅរសៀលទី២ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងមន្ត្រីរាជការគ្រប់ស្ថាប័នផងដែរ។
លោក ឈេង សុវណ្ណដា បានថ្លែងថាដើម្បីហេដ្ឋារចនាសោភ័ណ្ឌភាព និងលើកស្ទួយផ្នែកវិស័យទេសចរណ៍ខេត្ត និងជួយសម្រួលដល់សុខភាពប្រជាពលរដ្ឋទូទៅផងនោះ អាជ្ញាធរខេត្ត និងអាជ្ញាធរក្រុង បានរួមមតិគ្នា ដើម្បីបង្កើតទីតាំងលំហាត់ប្រាណ ដាក់នៅទីសាធារណៈនេះឡើង ហើយអាចហាត់ប្រាណបានមនុស្សគ្រប់វ័យទាំងក្មេងទាំងចាស់។
លោកបានថ្លែងបន្តថា ឧបរណ៍លំហាត់ប្រាណទាំង២៦គ្រឿងនេះ បានមកពីជួយឧបត្ថម្ភលោកស្រី មិថុនា ភូថង លោកវេជ្ជបណ្ឌិត ទៅ នឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោក ម៉ា ទី មន្ត្រី អ.ហខេត្ត និងសប្បុរសជនមួយចំនួនទៀតផងដែរ។
លោកស្រី មិថុនា ភូថង បានថ្លែងថា លោកស្រីមានសេចក្តីសោមនោស្សរីករាយក្រៃលែង ដែលអាជ្ញាធរក្រុង និងសប្បុរសជននានា ដែលបានយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាចម្បង ជាពិសេសការកាត់បន្ថយពីជំងឺឆ្លងផ្សេងៗ ហើយធ្វើឲ្យបងប្អូនមួយចំនួ នអាចស្គាល់រាប់អានគ្នាជាមិត្តភក្តិ ក្នុងការមកលំហាត់ប្រាណនេះផងដែរ ហើយម៉្យាងធ្វើឲ្យមានសោភ័ណ្ឌភាពក្នុងខេត្ត។
ក្នុងឱកាសនោះលោកស្រី អភិបាលខេត្ត បានអំពាវដល់ដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការពារជំងឺកូវិដ និងធ្វើការអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលធ្វើការផ្សព្វផ្សាយរាល់ម៉ោងរាល់ថ្ងៃ ពីវិធីសាស្ត្រការពារពីព្រោះជំងឺកូវិដនេះ មិនទាន់សាបសូន្យនៅឡើយទេនៅលើពិភពលោកនេះ វានៅតែបង្កើនហានិភ័យខ្ពស់ជានិច្ច។
«ហេតុដូច្នេះយើងត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនឯង ដើម្បីសុខភាព និងចូលរួមហាត់ប្រាណជាប់ជានិច្ចដើម្បីសុខភាព»។ នេះជាការបញ្ជាក់ របស់លោកស្រី អភិបាលខេត្ត។
ជាចុងក្រោយលោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគ្នាគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពខ្លួនឯង ហើយរួមគ្នាថែរក្សាឧបករណ៍លំហាត់ប្រាណទាំងអស់នេះឲ្យល្អ ហើយឧបករណ៍ទាំងអស់នេះ គឺជាគ្រូពេទ្យសុខភាពមួយដែរសម្រាប់សុខភាព៕