(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក ក្នុងនោះយប់៤លើក បណ្តាលឲ្យមនុស្សស្លាប់៩នាក់ អ្នករងរបួសធ្ងន់១១នាក់ និងរងរបួសស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង រថយន្តធុនធំចំនួន៤គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៦លើក, ស្រវឹង២លើក, ប្រជែងគ្រោះថ្នាក់១លើក, មិនប្រកាន់ស្តាំ២លើក និងគោរពសិទ្ធិ២លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់ (យប់៤នាក់)។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ ការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានរកឃើញ យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៨១៥២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៤១៦៦គ្រឿង និងពិន័យសរុប៣៩៨៦គ្រឿង៕