(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារចំនួន៤គ្រាប់ នៅខណ្ឌទួលគោក ត្រូវកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ និងបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ហេតុការណ៍ផ្ទុះអាវុធនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ប្រមាណ៤ទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅមុខហាងយីហោ «ស៉ីកនេតឈ័រ» តាមបណ្ដោយផ្លូវ២៨៧ កែងផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវអាវុធហត្ថចាប់ខ្លួនបាននៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជាមន្ដ្រីយោធា នៅក្រសួងការពារជាតិ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក Glock និងរថយន្ដមួយរបស់ជនសង្ស័យផងដែរ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យបានទៅចូលផឹកស៉ីនៅហាងលើ តែមិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែដកកាំភ្លើងពីចង្កះហើយអាមេបញ្ចូលគ្រាប់រួចដាក់លើតុ។ ឃើញបែបនេះ មេការហាងបានដើរទៅសួរនាំ និងសុំទោសខ្មាន់កាំភ្លើង ដើម្បីឲ្យយកកាំភ្លើងទុកវិញ ព្រោះការធ្វើបែបនេះធ្វើឲ្យភ្ញៀវដ៏ទៃមានការភ័យខ្លាច។
ក្រោយមកខ្មាន់កាំភ្លើងបានគិតលុយ រួចចាកចេញពីហាង បានមួយសន្ទុះស្រាប់តែជិះម៉ូតូត្រឡប់មកវិញ និងបានដកកាំភ្លើងបាញ់ទៅលើផ្ទាំងយីហោ នៅខាងមុខហាង ចំនួន៤គ្រាប់តែម្ដង ទើបជិះគេចខ្លួនបាត់តែម្ដង៕