(WHO)៖ លោកស្រីវេជ្ជបណ្ឌិត Margaret Chan អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃនេះថា យ៉ាងហោចណាស់មានមនុស្ស ៣ទៅ៤លាននាក់ នឹងឆ្លងជំងឺ Zika នៅអាមេរិក ក្នុងឆ្នាំនេះ នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅមុននេះបន្ដិច។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា «នៅពេលនេះ ជំងឺ Zika វាបានផ្ទុះឡើង និងរីករាដាលនៅជុំវិញអាមេរិក»។ នៅសប្ដាហ៍ក្រោយ នឹងមានកិច្ចប្រជុំប្រកាសអាសន្នមួយ ដែលអាចនឹងប្រកាសអាសន្នពីការរីករាលដាលនៃជំងឺ Zika ទៅកាន់ពិភពលោក ប៉ុន្តែនៅពេលនេះ ក្រុមការងារសង្គ្រោះបន្ទាន់ ត្រូវបានបង្កើតឡើងរួចរាល់ហើយ ដើម្បីឈប់ស្កាត់ជំងឺ Zika។
គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវបានរកឃើញលើកដំបូង នៅលើសត្វស្វានៅក្នុងឆ្នាំ១៩៤៧ នៅក្នុងប្រទេសអ៊ូហ្គង់ដាស្ថិតក្នុងទ្វីបអាហ្រ្វិក ហើយនៅឆ្នាំ១៩៥២ ជំងឺនេះ បានឆ្លងជាលើកដំបូងមកមនុស្ស តាមរយៈមូសខ្លាខាំ និងបានរីករាលដាលនៅតំបន់អាហ្រ្វិក និងកោះមួយចំនួននៅតំបន់ប៉ាស៊ីហ្វិក។ អ្នកដែលឆ្លងមេរោគនេះ នឹងមានអាការៈ ក្ដៅខ្លួន ឈឺក្បាល ឡើងរមាស់ ឈឺសន្លាក់ និងភ្នែកឡើងក្រហម ពោលគឺមានអាការៈ និងរោគសញ្ញា ដូចគ្នានឹងជំងឺគ្រុនឈាមដែរ៕
លោកស្រីវេជ្ជបណ្ឌិត Margaret Chan អគ្គនាយកអង្គការសុខភាពពិភពលោក (WHO)