(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង បានជួបពិភាក្សាការងារជាមួយ លោក Anthony Maguire នាយនគរបាលជាន់ខ្ពស់ សហព័ន្ធអូស្ត្រាលី (AFP) អមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
ក្នុងជំនួបនោះ លោក Anthony បានបង្ហាញនូវរីករាយ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព រវាង AFP និងអគ្គស្នងការនគរបាលជាតិកម្ពុជា នាពេលកន្លងមក។
លោក Anthony បានបង្ហាញនូវក្តីរីករាយសប្បាយជាមួយភរិយា និងកូនតូចៗពីរនាក់ ក្នុងដំណើរកំសាន្តនៅរាជធានីភ្នំពេញ។ លោកស្នើសូម ក្ដាប់ពីសភាពការណ៍បទល្មើសគ្រឿងញៀន និងកិច្ចប្រតិបត្តិការបង្ក្រាប។ លោកអរគុណកិច្ចសហប្រតិបត្តិការរបស់នគរបាលកម្ពុជា រកឃើញក្រុមចិន (តៃវ៉ាន់) ដឹកជញ្ជូនគ្រឿងតាមនាវាសមុទ្រឈ្មោះ Dayang ដែលនគរបាលចិន (តៃវ៉ាន់) បង្ក្រាបបាន និងដកហូតគ្រឿងញៀនជាង៦០០គីឡូក្រាម ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមនុស្សធម៌ ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងការគោរពអនុវត្តន៍ តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ប្រជាពលរដ្ឋកម្ពុជាទទួលបានជោគជ័យ ក្នុងការប្រឆាំងនឹងជម្ងឺកូវីដ១៩។
នាយឧត្តមសេនីយ៍លើកឡើងពីសភាពការណ៍គ្រឿងញៀនសកល តំបន់ និងនៅកម្ពុជា។ សភាពការណ៍គួរកត់សម្គាល់ និងកិច្ចប្រតិបត្តិការករណីធំៗ នៅឆមាសទី១ឆ្នាំ២០២០។
នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីលទ្ធផលនៃការអនុវត្តន៍ ផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនទាំង៥លើក របស់កម្ពុជាជូនលោក Anthony ផងដែរ។
លោកក៏បានកោតសរសើរ និងអរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភ ការផ្ដល់បទពិសោធន៍កន្លងមករបស់ភាគីអូស្ត្រាលី។
ជាមួយគ្នានេះភាគីទាំង ក៏បានអះអាងរួមគ្នានឹងប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត ហើយភាគី AFP នឹងចុះសហការតាមបណ្ដាស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត និងមានការស្នើសុំបន្តអនុវត្តន៍កិច្ចសហការ លើការងារក្រុម TCT និង Dragon Strike Force ផងដែរ៕