(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំបន្ថែមទៀត សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសេចក្តីណែនាំនេះ បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសារ ដំណើរការសំណេរ កំណែ ស្រង់ បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។
ក្រសួងបានបន្តថា គ្រឹះស្ថានមធ្យមសិក្សានីមួយៗ ត្រូវប្រើប្រាស់បុគ្គលិកអប់រំ នៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនមន្រ្តីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់ ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ ជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់។
ដូច្នេះដើម្បីឱ្យគ្រឹះស្ថានមធ្យមសិក្សានីមួយៗមានមូលដ្ឋាន ក្នុងការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ក្រសួង សូមណែនាំដូចខាងក្រោម៖