(កំពង់ធំ)៖ លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ធំ បានឆ្លើយតប និងផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ដោយបានបដិសេធទាំងស្រុង ចំពោះសារព័ត៌មានផ្សាយថា លោកប្រើឲ្យកូនចៅដើរប្រមូលលុយ ពីកសិដ្ឋានចិញ្ចឹមមាន់ ក្នុងមួយរោង ចំនួន៥០០ដុល្លារអាមេរិក។
លោកបានបន្តថា ការរៀបចំធ្វើឯកសារស្នើសុំត្រូវម្ចាស់ កសិដ្ឋានដាក់ពាក្យទៅច្រកចេញចូលតែមួយ។
ជាមួយគ្នានេះ ខេង ពិសិដ្ឋ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ថា ថ្មីៗនេះពេទ្យសត្វប្រចាំក្រុមហ៊ុន ស៉ីភី ឈ្មោះ ឆោម ម៉ាណាល់ បានទាក់ទងគាត់តាមទូរសព្ទឲ្យគាត់ត្រៀមលុយចំនួន ៥០០ដុល្លារ ទុកឲ្យឈ្មោះ កៀន ឧត្តម ដែលជាពេទ្យសត្វប្រចាំក្រុមហ៊ុន ស៉ីភី និង លោក តាន់ ម៉េងឆាង ជាប្រធានការិយាល័យផលិតកម្មបសុព្យាបាល ដើម្បីរត់ការធ្វើប្លង់ និងច្រកចេញចូលតែមួយ។
លោក ឆោម ម៉ាណាល់ បានឲ្យដឹងថា លោកពិតជាបានទូរសព្ទប្រាប់ទៅម្ចាស់កសិដ្ឋានឈ្មោះ ខេង ពិសិដ្ឋ ឲ្យត្រៀមលុយសម្រាប់រត់ការពិតប្រាកដមែនហើយ។ លោកធ្វើការងារនេះតាមបញ្ជាពីលោក កៀន ឧត្តម។
ចំណែកលោក កៀន ឧត្តម ជាពេទ្យសត្វប្រចាំក្រុមហ៊ុនស៉ីភីបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកពិតជាអ្នកបញ្ជាឲ្យលោក ឆោម ម៉ាណាល់ ប្រាប់ទៅម្ចាស់កសិដ្ឋានខាងលើឲ្យត្រៀមលុយ ចំនួន៥០០ដុល្លារ ពិតមែន។ តែលុយនោះ សម្រាប់រត់ការដូចជា ច្រកចេញចូលតែមួយ និងធ្វើប្លង់ គូសប្លង់ដឺម៉ាស់ជាដើម។
លោក កៀន ឧត្តម បានបញ្ជាក់ទៀតថាលុយចំនួន ៥០០ដុល្លារនោះ មិនទាន់បានទទួលនោះទេ ហើយក៏មិនមានពាក់ព័ន្ធ និងលោក តាន់ ម៉េងឆាង ដែរ៕