(សៀមរាប)៖ ចាប់ពីឆ្នាំ២០១៣មក មានមន្ត្រី និងបុគ្គលិកបច្ចេកទេស ជាង១០នាក់ហើយ ដែលត្រូវបានបណ្តុះបណ្តាលសមត្ថភាព ដើម្បីអាចប្រើប្រាស់ បច្ចេកវិទ្យាអវកាស (Remote Sensing) ក្នុងការងារអភិរក្សរមណីយដ្ឋានអង្គរ។
ការពង្រឹងសមត្ថភាពនេះ ធ្វើឡើងតាមរយៈគម្រោងសហប្រតិបត្តិការ ស្តីពីការប្រើប្រាស់ បច្ចេកវិទ្យាអវកាស សម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប (Remote Sensing for Environmental of Angkor Site Project) ក្រោមជំនួយរបស់មជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage) និងវិទ្យាស្ថាន RADI (Institute of Remote Sensing and Digital Earth) ដើម្បីចេះប្រើប្រាស់ និងគ្រប់គ្រង ប្រព័ន្ធកម្មវិធីទទួលបានទិន្នន័យពីផ្កាយរណប។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋាន គ្រប់គ្រងទឹក បានលើកឡើងថា ក្នុងរយៈកាលកន្លងមកយើង បានបញ្ជូនមន្រ្តីបុគ្គលិក ឲ្យចូលរួមវគ្គបណ្តុះបណ្តាលនេះជាច្រើនដងមកហើយដូចជា ឆ្នាំ២០១៣ អាជ្ញាធរជាតិអប្សរា បានចាត់បញ្ជូនបុគ្គលិកបច្ចេកទេសចំនួន២រូប ឲ្យចូលរួមសិក្ខា សាលាអន្តរជាតិលើកទី១ ស្តីពីបច្ចេកវិទ្យាអវកាស បង្កាមហន្តរាយនៅទីក្រុងសាន់យ៉ា នៃសាធារណរដ្ឋប្រជាមានិតចិន។
ឆ្នាំ២០១៤ មន្ត្រី បុគ្គលិកបច្ចេកទេសបានទៅចូលរួម វគ្គបណ្តុះបណ្តាលចំនួន៣លើក នៅប្រទេសចិន ដែលសរុបទាំងអស់៩រូប។ នៅឆ្នាំ២០១៥ សាស្រ្តាចារ្យចំនួន៣រូបមកពីវិទ្យាស្ថាន RADI និងមជ្ឈមណ្ឌល HIST នៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន បានរៀបចំវគ្គបណ្តុះបណ្តាលនេះ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួម ពីមន្រ្តី/បុគ្គលិកនាយកដ្ឋាន នានាដែលទាក់ទងនឹងជំនាញនេះ។
លោកបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១៦នេះ វិទ្យាស្ថានRADIនិងHIST នឹងបន្តបញ្ជូនអ្នកជំនាញ មកធ្វើការបណ្តុះបណ្តាល មន្រ្តី បុគ្គលិកអាជ្ញាធរជាតិ អប្សរាដើម្បីកសាងសមត្ថភាព ឲ្យកាន់តែមានជំនាញច្បាស់លាស់ ថែមទៀតលើការប្រើប្រាស់ តាមដាន និងការវិភាគ ទិន្នន័យដែលផ្កាយរណប បានផ្តល់មកកាន់ស្ថានីយ៍ និងជួយធ្វើបច្ចុប្បន្នភាព(Update)លើប្រព័ន្ធSoftware ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះ។
អាជ្ញាធរជាតិអប្សរាបាន ចុះអនុស្សរណៈ កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៣រវាងអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌលអន្តរជាតិ បច្ចេកវិទ្យាអវកាសសម្រាប់ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិក្រោមអាណាព្យាបាល នៃអង្គការយូណេស្កូ ស្តីពីគម្រោងសហប្រតិបត្តិការប្រើប្រាស់ បច្ចេកវិទ្យាអវកាសសម្រាប់ អភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៅតំបន់សៀមរាប។ គម្រោងនេះនឹងជួយដល់ការងារ អភិរក្សរមណីយដ្ឋានអង្គរ ដូចជា ការគ្រប់គ្រងធនធានទឹក ការធ្វើផែនការអំពីការប្រើប្រាស់ដីធ្លី និងការតាមដានស្ថានភាពព្រៃឈើជាដើម។
លោក មាន់ ផានិត បុគ្គលិកបច្ចេកទេស ដែលធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់បច្ចេកវិទ្យានេះរៀបរាប់ថា បច្ចេកវិទ្យានេះអាចផ្តល់រូបភាពច្បាស់ ពីលើអាកាស ស្តីពីបច្ចុប្បន្នភាពអង្គរជាប្រចាំ។ យើងដឹងជាមុនអំពីបញ្ហាទឹកជំនន់ ដែលអាចជួយឲ្យយើង អាចទប់ស្កាត់ គ្រោះថ្នាក់ផ្សេងៗបាន។ ម្យ៉ាងទៀត យើងក៏អាចដឹងអំពីបម្រែបម្រួលព្រៃឈើ ដែលអាចឲ្យយើងរិះរកវិធីសាស្ត្រឆ្លើយតបទាន់ពេលភ្លាមៗផដែរ៕