(កែប)៖ ប្រធានសហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋនៅភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានចោទលោក ឡុង សោភា នាយកវិទ្យាល័យចម្ការដូងថា បានគំរាមប្តឹង និងបាញ់សម្លាប់ពួកគាត់ ដោយសារតែពួកគាត់បានហាមឃាត់លោកនាយកវិទ្យាល័យរូបនេះ ឲ្យបញ្ឈប់សកម្មភាពឈូសឆាយដីព្រៃក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍នៅក្នុងសហគមន៍អ្នកតាឈរ។
លោក នាក់ យុត ប្រធានសហគមន៍ព្រៃឈើអ្នកតាឈរ ស្ថិតនៅក្នុងព្រៃដែនបម្រុងទុកអចិន្រ្តៃយ៍របស់រដ្ឋបាលព្រៃឈើក្រុងកែប បាននិយាយថា កន្លងមកលោក ឡុង សោភា បានគំរាមប្តឹងរូបលោក ដោយសារតែរូបលោក បានរាយការណ៍ទៅស្ថាប័នជំនាញ និងអាជ្ញាធរស្រុកដំណាក់ចង្អើរ អំពីសកម្មភាពការឈូសឆាយដីព្រៃនៅក្នុងសហគមន៍ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។
លោកប្រធានសហគមន៍ព្រៃឈើរូបនេះ បាននិយាយទៀតថា កន្លងមកអាជ្ញាធរស្រុកដំណាក់ចង្អើរ និងមន្រ្តីមេព្រៃ បានហាមឃាត់សកម្មភាពលោកនាយកវិទ្យាល័យរូបនេះ ឈូសឆាយដីព្រៃ ប៉ុន្តែ ពេលថ្មីៗនេះ ស្រាប់តែលោកនាយកវិទ្យាល័យរូបនេះ បានធ្វើសកម្មភាពឈូសឆាយដីព្រៃក្នុងសហគមន៍កាន់តែខ្លាំងឡើង។
ចំណែកលោក ស្វាយ សុខឃាង ជាអ្នកចម្ការក្នុងភូមិចម្ការបី បាននិយាយថា រូបគាត់ក៏ត្រូវលោកនាយកវិទ្យាល័យចម្ការដូង គំរាមបាញ់សម្លាញ់រូបគាត់ផងដែរ នៅពេលដែលរូបគាត់ បានទៅថតសកម្មភាពឈូសឆាយដីព្រៃក្នុងដែនបម្រុងអចិន្រ្តៃយ៍របស់រដ្ឋនេះ។
ចំណែកបុរសអ្នកឃ្វាលគោម្នាក់ បាននិយាយថា លោកអត់ហ៊ានទៅឃ្វាលគោនៅតំបន់ ដែលលោកនាយកវិទ្យាចម្ការដូរូបនេះធ្វើការឈូសឆាយព្រៃនេះទេ ដោយសារតែលោកនាយករូបនេះ គំរាមដល់រូបគាត់មិនឲ្យយកគោទៅឲ្យស៊ីស្មៅនៅតំបន់នោះទៀតទេ។
ទាក់ទងករណីលោកនាយកវិទ្យាល័យចម្ការដូងរំលោភយកដីព្រៃរបស់រដ្ឋនេះ លោកស្រី គឹម ចាន់នី អភិបាលស្រុកដំណាក់ចង្អើរ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះថា លោកស្រី និងក្រុមការងារបានចុះធ្វើការហាមឃាត់សកម្មភាពឈូសឆាយដីព្រៃចំនួនបីដងរួចមកហើយ ថែមទាំងចេញលិខិតហាមឃាត់ថែមទៀតផង។
លោកស្រីបានប្រាប់ទៀតថា ដីដែលលោក ឡុង សោភា កំពុងឈូសឆាយនេះពិតជាចូលក្នុងតំបន់ព្រៃសហគមន៍ពិតប្រាកដមែណ។ លោកស្រីបន្ថែមទៀតថា លោកស្រីបានចាត់មន្រ្តីជំនាញ សូរិយោដី និងមន្រ្តីរដ្ឋបាលព្រៃឈើឲ្យធ្វើការផ្ទៀងផ្ទាល់ក្បាលដីជាមុនិន ប្រសិនបើរកឃើញថា លោកនាយកវិទ្យាល័យរូបនេះរំលោភយកដីក្នុងដែនព្រៃបម្រុងអចិន្ត្រៃយ៍របស់រដ្ឋចំនួនផ្ទៃដីប៉ុន្មាន ជំនាញរដ្ឋបាលព្រៃឈើនឹងកសាងសំណុំរឿងងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
ពាក់ព័ន្ធទៅនិងការចោទប្រកាន់ខាងលើ លោក ឡុង សុភា មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេនៅថ្ងៃនេះ៕