Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ COVID-19 មិនអាចរារាំងការស្ថាបនាផ្លូវនោះឡើយ

02-09-2020 15:54

(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទោះបីកម្ពុជាកំពុងតែរាតត្បាតជំងឺកូវីដ-១៩ក្តី ប៉ុន្តែមិនអាចរារាំងរាជរដ្ឋាភិបាល ផ្អាកគម្រោងកសាងផ្លូវណាមួយនៅឡើយទេ ពោលនៅតែបន្តធ្វើលើកកម្ពស់ផ្លូវពីផ្លូវក្រាលកៅស៊ូស្តើងពីរស្រទាប់ (DBST) ទៅផ្លូវក្រាលកៅស៊ូប្រភេទ (AC) ផ្លវខ្លះចាក់ ៥ហ៊ុន ផ្លូវខ្លះ ៧ហ៊ុន ផ្លូវខ្លះ៩ហ៊ុន និងផ្លូវខ្លះទៀត ១៥សង់ទីម៉ែត្រ។

ការបញ្ជាក់បែបនេះរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចុះសួរសុខទុក្ខសំណេះសំណាល និងនាំថវិកា សម្ភារមកប្រគល់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងការពារព្រំដែនលេខ៤០៣ លេខ៤០២ឈរជើង នៅសមូរភូមិទិសទី២ ក្នុងខេត្តឧត្តរមានជ័យ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះជាយើងមានជំងឺកូវីដ-១៩ យើងមិនទាន់ផ្អាកគម្រោងណាមួយនៅឡើយទេ ការកសាងផ្លូវនៅតែបន្តធ្វើ យើងលើកកម្ពស់ផ្លូវរបស់យើងពីផ្លូវក្រាលកៅស៊ូស្តើងពីរស្រទាប់ (DBST) ទៅផ្លូវក្រាលកៅស៊ូប្រភេទ (AC) ផ្លវខ្លះយើងចាក់ ៥ហ៊ុន ផ្លូវខ្លះ ៧ហ៊ុន ផ្លូវខ្លះ៩ហ៊ុន និងផ្លូវខ្លះទៀត ១៥សង់ទីម៉ែត្រ ទៅតាមទំហ៊ំ និងការធ្វើចរាចរណ៍នៅតាមដងផ្លូវនោះដូចជា ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងផ្លូវខ្លះទៀតយើងពង្រីកពី ២គន្លងទៅ ៤គន្លងចាក់ AC»

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចន់ថុល បានថ្លែងថា សុខសន្តិភាពនេះអនុញ្ញាតឱ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អាចទាក់ទាញអ្នកវិនិយោគបរទេស អ្នកវិនិយោគក្នុងស្រុកឱ្យដាក់ទុន បង្កើតការងារជូនប្រជាពលរដ្ឋធ្វើ។ សុខសន្តិភាពបានទាក់ទាញអ្នកទេសចរណ៍រាប់លាននាក់ បើក្រឡេកមុនជំងឺកូវីដ-១៩ ផ្ទុះឡើង កម្ពុជាទាក់ទាញភ្ញៀវទេសចរណ៍ជាង ៦លាននាក់ ក្នុង១ឆ្នាំ ដូច្នេះ សុខសន្តិភាព ទុកឱកាសឱ្យកម្ពុជាកសាងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម។ល។ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យមាកការរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា សុខសន្តិភាពបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលស្វែងរកទីផ្សារ ដើម្បីនាំកសិផល ផលិតផល ទៅលក់នៅបរទេស បង្កើតការងារជូនប្រជាពលរដ្ឋធ្វើ។

លោកបានគូសបញ្ជាក់ថា៖ «គ្មានអ្វីៗសំខាន់ជាងសុខសន្តិភាព បើគ្មានសុខសន្តិភាពគ្មានស្ថេរភាពយើងមិនអាចជួបជុំគ្នាថ្ងៃនេះបានទេ»។ ដោយសារសុខសន្តិភាពយើងអាចមានឱកាសជួបជុំគ្នា ហើយយើងខ្ញុំនៅក្រសួងសាធារណការ និងដឹកជញ្ជូនមានឱកាសកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ ជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន»

ទន្ទឹមនឹងនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានការពារ និងបន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីមានឱកាសរួបរួមគ្នាកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យបានរុងរឿងថែមទៀត កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋថែមទៀត៕