(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងការិយាល័យ កណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការ នគរបាលក្រុងព្រះសីហនុ បានចេញប្រតិបត្តិការ រហូតផ្ទុះអាវុធមួយគ្រាប់ ដើម្បីតាមចាប់ ក្រុមកាច់បំបែកសោរកម៉ូតូ របស់ប្រជាពលរដ្ឋ តាមមូលដ្ឋានយ៉ាងសកម្ មចំនួន៤នាក់ជាបន្តបន្ទាប់ក្នុង២ករណីផ្សេងគ្នា នៅខាងក្រោយផ្សារលើ ស្ថិតនៅភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ។
ប្រតិបត្តិការ ចេញបង្ក្រាប ក្រុមចោរហារយរកស៊ីពេលរាត្រីខាងលើនេះ បានធ្វើឡើងក្រោយពីពួកវា បានធ្វើសកម្មភាព កាច់បំបែកសោរកម៉ូតូរបស់ប្រជាពលរដ្ឋនៅម៉ោង០២ទៀបភ្លឺចូលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៦នេះ។
ក្នុងចំណោមជនសង្ស័យទាំង៣នាក់នោះ មានម្នាក់ជា មេក្លោងខាងរៀបចំផែនការ និងដឹកនាំក៏ត្រូវបានចាប់ខ្លួនផងដែរ តាមដីកាបញ្ជាការ ឲ្យចាប់ខ្លួន របស់តុលាការមានឈ្មោះ លឿន លី អាយុ២៨ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដហើយមានដីកាចាប់ខ្លួន និងឃុំខ្លួនលេខ២១៤៨ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ ពីបទលួចនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខណៈជនសង្ស័យ ដែលជាបក្ខពួក២នាក់ទៀត រួមមានទី១ ឈ្មោះថាច់ ចាន់ធឿន ហៅគា អាយុ២៧ឆ្នាំ និងទី២ឈ្មោះ មឿន សុភាព អាយុ៣៥ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគាររយះពេល៧ខែ ពីបទចោរកម្ម លួចកាច់បំបែកសោរកម៉ូតូ ចេញពីពន្ធនាគារខែមេសា ឆ្នាំ២០១៤។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យជាមេក្លោង នៅពេលយើងបញ្ជាឱ្យវាឈប់ តែវាមិនឈប់ហើយបន្តរត់ ទើបកម្លាំងយើង បានបាញ់គំរាម១គ្រាប់ចុចដី បណ្តាលឱ្យផ្លាតត្រូវជើងខាងឆ្វេង (របួសស្រាល) ហើយបច្ចុប្បន្នសំរាកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្រោយបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងនគរបាលបានដកហូត ម៉ូតូចំនួន០៣គ្រឿង (០២គ្រឿងជាមធ្យោបាយធ្វើសកម្មភាព និង០១គ្រឿងទៀត ម៉ាកC125 សេរីឆ្នាំ២០១១ ជាផលនៃអំពើចោរកម្ម) ដែកសម្រាប់កាច់បំបែកសោរក ម៉ូតូចំនួន២ ដង្កាប់១ ស្លាកលេខ១ និងប្រដាប់សេពគ្រឿងញៀន មួយចំនួនធំ ដូច្នេះជនសង្ស័យទាំងនេះ ជាក្រុមជក់ថ្នាំផងដែរ។ សម្រាប់ជនសង្ស័យទាំងនេះ ស្ថិតក្រោមការសាកសួរ របស់នគរបាលនៅឡើយរង់ចាំការបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី។
នៅរសៀលថ្ងៃដដែលនេះ កម្លាំងការិយាល័យ កណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់១ ក្រុងព្រះសីហនុ ក៏បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ខ្លួន ជនត្រូវចោទម្នាក់ ដែលជាប់ពាក់ព័ន្ធនឹង សកម្មភាព កាច់កម៉ូតូរបស់ប្រជាពលរដ្ឋនាពេលកន្លងទៅ ។ ជននេះត្រូវបានតុលាការចេញដីកា នាំខ្លួនលេខ០១ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់ពីបទចោរកម្ម កាច់បំបែកសោរកម៉ូតូ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ប្រព្រឹត្តនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។
ជនសង្ស័យឈ្មោះ តាំង ឈាងលុក ហៅពៅ អាយុ២៧ឆ្នាំ (គឺជាមេខ្លោង)មានទីលំនៅ ភូម៣ សង្កាត់១ ក្រុងព្រះសីហនុ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងបន្តនីតិវិធីបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕