(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ បានចេញស្រាវជ្រាវរហូតតាមចាប់ ក្រុមចោរប្លន់ម៉ូតូយ៉ាងសកម្មចំនួន ២នាក់ នៅទឹកដីខណ្ឌចំការមន ហើយនឹងបញ្ជូនទៅតុលាការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះថា ជនសង្ស័យទាំង២នាក់ ដែលត្រូវបានតាមចាប់ខ្លួនជាបន្តបន្ទាប់់ នៅថ្ងៃម្សិលមិញ និងនៅថ្ងៃនេះ គឺជាមុខសញ្ញាវាយប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ នៅដីខណ្ឌចំការមន១លើក និងខណ្ឌពោធិ៍សែនជ័យ២លើក ។
បើតាមមន្រ្តីនគរបាល ជនសង្ស័យទី១ឈ្មោះ អន សំអាត និងទី២ វ៉ា ប៊ុនថា ហៅវឿន មុខរបរមិនពិតប្រាកដ ហើយក្រោយចាប់ខ្លួន កម្លាំងនគរបាលបានដកហូតម៉ូតូមួយគ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសាកសួរ ដើម្បីតាមចាប់បក្ខពួកបន្ថែមទៀត មុនបញ្ជូនទៅតុលាការ ៕