(ភ្នំពេញ)៖ បុរសម្នាក់ដែលជាមេកានៅភោជនីយដ្ឋានផែថ្ម បានរងរបួសធ្ងន់ ដោយសារតែ អ្នកបើករថយន្តឲ្យថៅកែភោជនីយដ្ឋានផែថ្ម រាលកៃកាំភ្លើងចំកំភួនជើងខាងឆ្វេង។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១៤៖១៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចភោជនីយដ្ឋានផែថ្ម ផ្លូវ៨២ កែង៣៩ ភូមិ៤ សង្កាត់ស្រះចក ដូនពេញ។
ជនរងគ្រោះឈ្មោះ ឈួង សុខហៀង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមេការភោជនីយដ្ឋានផែថ្ម ស្នាក់នៅហាងផែថ្ម រងរបួស ០១គ្រាប់ចំកំភួនជើងខាងឆ្វេង។ ជនបង្កឈ្មោះ ហោ ត្រាយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអង្គរក្ស និងជាអ្នកបើករថយន្តអោយ ឈ្មោះ ចេង ហុង ជាថៅកែភោជនីយដ្ឋានផែថ្ម។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនបង្ករឈ្មោះ ហោ ត្រាយ បានដឹកថៅកែរបស់ខ្លួនឈ្មោះ ចេង ហុង មកមើលបុគ្គលិកហាងឈ្លោះគ្នា ហើយជនបង្កបានចុះពីឡាន ដកអាវុធខ្លីម៉ាក GLOCK មកកាន់នឹងដៃអាម៉េដោះគ្រាប់ ភ្លាមនោះមិនដឹងយ៉ាងម៉េចក៏ឮសូរស្នូរផ្ទុះអាវុធចំនួន០១គ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះឈ្មោះ ឈួន សុខហៀង តែម្តង។
ក្រោយកើតហេតុជនសង្ស័យបានគេចខ្លួនពីហាងផែថ្មបាត់ស្រមោល ចំនែកជនរងគ្រោះ បច្ចុប្បន្នកំពុងសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត៕