(ភ្នំពេញ)៖ ឃាតកដែលរំលោភសម្លាប់ក្មេងស្រីក្នុងបន្ទប់ជួល នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលម្សិញមិញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបានហើយនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្រោមស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត, នគរបាលខណ្ឌពោធិ៍សែនជ័យ, ខណ្ឌព្រែកព្នៅ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ក្រោយការបញ្ជាយ៉ាងម៉ឺងម៉ាត់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិនេះស្រាវជ្រាវពេញមួយយប់ក្រោយពេលកើតហេតុ បានបញ្ជាក់ថា ជនដៃដល់ដែលកម្លាំងនគរបាលជំនាញចាប់ខ្លួនបានឈ្មោះ ឡាច ចន្ថា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ចាប់បាននៅចំណុចក្រោមស្ពានលីយ៉ុងផាត ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រោយពីបានសាកសួរជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដំបងឆក់ ឆក់ជនរងគ្រោះ ហើយកាំបិតចិតបន្លែ អារ.ក បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង រួចក៏ចាប់ផ្តើមធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះពិតប្រាកដមែន។
គួរជម្រាបថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ហើយនាងគឺជាកូនទី៤ មានឪពុកឈ្មោះ ទ្រី អ៉ី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ព្រោះតែការតក់ស្លុតខ្លាំងពេក ម្ដាយបានយំសោករហូតដល់សន្លប់។
បច្ចុប្បន្នក្រោយចាប់ខ្លួនបាន ជនដៃដល់ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕